បទល្មើសបង្ខាំងមនុស្សជំរិតទារប្រាក់ បង្កដោយជនជាតិចិន បន្តកើតមាននៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះថា កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ០៣នាក់ ពាក់ពន្ធ័បទល្មើសចាប់បង្ខាំងជនជាតិចិន ដូចគ្នា ដើម្បីជំរិតទារប្រាក់។
យុទ្ធនាការនេះ សមត្ថកិច្ច បានដកហូតអាវុធ គ្រាប់ និងថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនទៀត។ ក្នុងនោះ សមត្ថកិច្ច ក៏បានរំដោះ ជនរងគ្រោះជាជនជាតិចិនម្នាក់ ក៏ផងដែរ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីមានបណ្តឹងតាមរយៈទំព័រហ្វេសប៊ុកផេក របស់សម្តេចក្រឡាហោម ស ខេង ឲ្យសមត្ថកិច្ចជួយស្វែងរកជនបរទេសចំនួន ០១នាក់ ជនជាតិចិន ឈ្មោះ HU RONG ភេទប្រុស អាយុ ៣២ឆ្នាំដែលបាត់ខ្លួននៅក្នុងខេត្តព្រះសីហនុ។
តាមរយៈការស្រាវជ្រាវពី សមត្ថកិច្ចជំនាញ ចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងចំរុះ បានចុះស្រាវជ្រាវពីទីតាំងមួយទៅទីតាំងមួយផ្សេងៗ ក្នុងក្រុងព្រះសីហនុ និងចុងក្រោយ បានចុះទៅដល់ ខុនដូរឈ្មោះ LZ SEAVIEW RESIDDENCE ស្ថិតនៅភូមិ ៥ សង្កាត់៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញជនសង្ស័យពាក់ព័ន្ធចំនួន ៣នាក់ មានឈ្មោះ ៖
១- HEI LONGJIANG ភេទប្រុស ជនជាតិចិន អាយុ ៣៨ឆ្នាំ ។
២- ZHOU LAI ភេទប្រុស ជនជាតិចិន អាយុ ២៨ឆ្នាំ
៣- WANG JIANPING ភេទប្រុស ជនជាតិចិន អាយុ ២៣ឆ្នាំ ។
សម្ភារៈដកហូតបាន រួមមាន៖
១. រថយន្ត AUDI ពណ៌ ខ្មៅ ស្លាកលេខ 2AD8796 (១គ្រឿង) ម្ចាស់ឈ្មោះ ZHOU LAI
២. រថយន្ត RANDROVER ពណ៌ ខ្មៅ ស្លាកលេខ កម្ពុជា CAR.LIF7 (១គ្រឿង) ម្ចាស់ឈ្មោះ WANG JIAN PING
៣. រថយន្ត RANDROVER ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ 2AW-5665 (១គ្រឿង) ម្ចាស់ឈ្មោះ HEILONG JIANG
៤. អាវុធ ខ្លី GLOCK 19 GEN 4 ១០គ្រាប់ (មួយដើម) របស់ឈ្មោះ WANG JIAN PING
៥. អាវុធ GLOCK 17 ខ្លី ប្រើហ្គាស (មួយដើម) របស់ឈ្មោះ WANG JIAN PING
៦. ទូរស័ព្ទ ចំនួន ០២គ្រឿង IPHONE 14 PRO , IPHONE 13
៧. ដំបងដែក (០១ដើម )
៨. គ្រឿងញៀន មួយចំនួនធំ និងសម្ភារៈពាក់ពន្ធ័មួយចំនួន
៩. លិខិតឆ្លងដែន (០១ច្បាប់) ។
បច្ចុប្បន្ន ជនសង្ស័យ ពាក់ព័ន្ធក្នុងបទល្មើសចំនួន ០៣នាក់ដែលជាជនជាតិចិន និងជនរងគ្រោះព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច នាំមកកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕