ចម្រឹងបង្អួចនៅរួតទី២ នៃប្រាសាទអង្គរវត្ត បានដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់

ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២ នៃប្រាសាទអង្គរវត្ត ដែលធ្វើពីថ្មភក់ ឱ្យនៅតាមកន្លែងដើមឡើងវិញ ដើម្បីអភិរក្សថែរក្សាមរតកដូនតា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ចម្រឹងបង្អួចធ្វើពីថ្មភក់ មានទម្ងន់ជាង ៥០-៦០គីឡូក្រាម កម្ពស់ជាង ១.៧២ម៉ែត្រ ដែលអ្នកជំនាញបានរៀបចំដំឡើងឡើងវិញ នៅតាមកន្លែងដើមនេះ ធ្លាប់ទទួលរងការខូចខាតធ្ងន់ធ្ងរ និងជ្រុះធ្លាក់នៅរាយប៉ាយ ជាយូរមកហើយ។

លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងារ របស់លោកបានចាប់ផ្តើមជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ តាំងតែពីកំឡុងដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។

ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំ របស់ចម្រឹងបង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។

លោក សយ សុភារិន្ទ ឱ្យដឹងទៀតថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរអង្វែងតទៅមុខទៀត។

ចំណែកបច្ចេកទេស និងការជួសជុលមានដូចជា៖ ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ដើម្បីពង្រឹងឡើងវិញ ត្រូវបានទទួលស្គាល់ដោយ ក្រុមអ្នកជំនាញអាដហុក របស់គណៈកម្មការ អាយស៊ីស៊ី-អង្គរផងដែរ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា

អត្ថបទដែលជាប់ទាក់ទង