កម្ពុជា ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ របស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា និងត្រូវចាកចេញបន្ទាន់ រយៈពេល៤៨ម៉ោង
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានហាមប្រាមបុគ្គលចំនួន ២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យ របស់ក្រុមហ៊ុន Meta Platforms Inc មិនឲ្យចូលប្រទេសកម្ពុជាទេ។
សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានសរសេរថា ប្រសិនបើបុគ្គលទាំង ២២នាក់ ដូចមានឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍ មានអ្នកណាកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា ត្រូវចាកចេញជាបន្ទាន់ ក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីម៉ោង ៤ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។
ក្រសួងការបរទេស បានចាត់ទុក អនុសាសន៍ របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ឲ្យផ្អាកជាបណ្ដោះអាសន្ន ចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានលក្ខណៈនយោបាយ។ ហើយមានចេតនា រារាំងសេរីភាពសារព័ត៌មាន របស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។
ក្នុងស្មារតី នៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ដែលមានរាយនាមដូចខាងក្រោម និងជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONANON GRATA)៖
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា៖ភាពជាតំណាង របស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូ ក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តទៅ។
ទាក់ទិនបញ្ហានេះ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារសំឡេងពិសេស ដោយប្រកាសថា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការ របស់ប្រជាពលរដ្ឋ ប្រើប្រាស់៕