ភ្ញៀវទេសចរច្រើនកុះករ ចូលទៅកម្សាន្តខេត្តមណ្ឌលគិរី នាឱកាសឆ្លងឆ្នាំសកល ២០២៣~២០២៤
ខេត្តមណ្ឌលគិរី ៖ សម្រស់ធម្មជាតិ របស់ខេត្តមណ្ឌលគិរី ដែលគ្រប់ដណ្ដប់ទៅដោយវាលស្មៅពណ៌មាស ក្នុងរដូវកាលនេះ ថែមទាំងមានប្រជុំភ្នំតូចធំ ខ្យល់អាកាសល្អបរិសុទ្ធ បានក្លាយជាជម្រើសលំហែរកាយដ៏ទាក់ទាញ របស់អ្នកទេសចរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៣~២០២៤ខាងមុខ នេះ។ ខណៈសេវាកម្មស្នាក់នៅក្នុង ខេត្តមណ្ឌលគិរី ប្រហែល ៨៥% ត្រូវបានភ្ញៀវទំនាក់ទំនង មកកក់បន្ទប់ទុកមុន ដើម្បីអបអរឆ្លងចូលឆ្នាំថ្មី២០២៤។
លោក យ៉ុន ឌីណា ជាអ្នកគ្រប់គ្រងកន្លែងទេសចរណ៍ភ្នំសាងស្នេហ៍ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា សម្រាប់ថ្ងៃឆ្លងឆ្នាំសកលខាងមុខ នៅភ្នំសាងស្នេហ៍ មានភ្ញៀវទេសចរជាច្រើន បានទំនាក់ទំនង មកកក់បន្ទប់ស្នាក់នៅ និងកក់ម្ហូបអាហារ សម្រាប់ជួបជុំកម្សាន្ត ចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដែលជាឆ្នាំថ្មី។ ហើយអំឡុង ៣ថ្ងៃនេះ បន្ទប់ស្នាក់នៅគឺ ពេញអស់តែម្ដងសម្រាប់ភ្នំសាងស្នេហ៍។
លោកបន្តថា ខេត្តមណ្ឌលគិរី មួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា មានភ្ញៀវទេសចរច្រើន មកកម្សាន្តឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ហើយកំណើនភ្ញៀវ ចាប់ផ្ដើមតាំងពីអំឡុងបុណ្យអុំទូកមកម្ល៉េះ ដោយថ្ងៃខ្លះ ភ្នំសាងស្នេហ៍អាចមានភ្ញៀវជាង ១០០នាក់ឯណោះក្នុង១ថ្ងៃ។
អ្នកគ្រប់គ្រងកន្លែងទេសចរណ៍ភ្នំសាងស្នេហ៍ បានឲ្យដឹងទៀតថា ខេត្តមណ្ឌលគិរី អំឡុងពេលនេះ ក៏មានអាកាសធាតុត្រជាក់ ខ្យល់អាកាសល្អបរិសុទ្ធ រួមផ្សំជាមួយវាលស្មៅពណ៌មាស ជាទិដ្ឋភាព និងបរិយាកាស ដែលភ្ញៀវទេសចរមកខេត្តមណ្ឌលគិរី ចាប់អារម្មណ៍បំផុត។
ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី លោក ស៊ាង សឿន បានឲ្យដឹងថា ខេត្តមណ្ឌលគិរី ត្រូវបានអ្នកទេសចរជាច្រើនបានជ្រើសរើសយកជាកន្លែងកម្សាន្ត សម្រាប់ថ្ងៃឆ្លងឆ្នាំសកល ដោយគិតត្រឹមថ្ងៃទី២៧ ខែធ្នូនេះ មានភ្ញៀវទេសចរប្រមាណ ៨៥% បានទំនាក់ទំនងកក់បន្ទប់ស្នាក់នៅ៕ ដោយ ៖ សារ៉េត