គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស​ស្ទើររាល់ថ្ងៃ នៅខេត្តព្រះសីហនុ មិនថាផ្លូវល្បឿនលឿន ផ្លូវជាតិ ឬផ្លូវលំទេ!

ខេត្ត្ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ បានស្លាប់មនុស្សស្ទើរជារៀងរាល់យប់ថ្ងៃ នៅតាមផ្លូវនានា នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដោយមិនគិតថា តាមផ្លូវល្បឿនលឿន ផ្លូវជាតិលេខ៤ ​ផ្លូវលំ ផ្លូវដី ឬផ្លូវគ្រួសក្រមហម នោះទេ។
ត្រង់ចំណុចនេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានក្រើនរំលឹកម្តងហើយ​ម្តងទៀត ទៅដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា ប្រយោជន៍ដើម្បីឈានទៅកាន់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាអត្រារងរបួស និងស្លាប់ ដោយគ្រោះថ្នាក់នេះ ឲ្យថយចុះចំនួននាថ្ងៃអនាគត។
មន្ត្រីជំនាញ បញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងតាមផ្លូវរាល់ថ្ងៃនេះ គឺភាគច្រើនកើតឡើង ដោយកត្តាមនុស្ស បើកវ៉ាជែងក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ បើកបរក្នុងល្បឿនលឿន មិនគោរពស្លាកសញ្ញា ឬភ្លើងបញ្ជា​ចរាចរណ៍ ​បើកបរគ្មានការយោគយល់ ធ្វេសប្រហែស និងអ្នកបើកបរស្រវឹងជាដើម។
ជាក់ស្តែង កាលពីម៉ោង ០៨ព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ មានករណី បងប្អូនបង្កើតពីរនាក់ បានបើកម៉ូតូបុកប៉ះគ្នា នៅតាមផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ​​ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ បណ្តាល​ឲ្យស្លា​ប់មនុស្សម្នាក់ និងរងរបួសបីនាក់។​
សមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានឲ្យដឹងថា ជនរ​ងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍​នេះ​មានឈ្មោះ៖
១- ឈ្មោះ សោ សុខា ភេទប្រុស អ្នកបេីកបរម៉ូតូ HONDA DREAM (ស្លា​ប់នៅកន្លែងកើតហេតុ)
២- ឈ្មោះ សោ ម៉ាប់ ភេទប្រុស អ្នកបើកបរម៉ូតូ HONDA WAVE (រងរបួ​សស្រាល)​
៣- ឈ្មោះ ឈឿន ហ៊ាង ភេទស្រី អ្នករួដំណើរម៉ូតូ HONDA WAVE (រងរបួ​សស្រាល)
៤- ឈ្មោះ ទើន ចាន់សីហា ភេទប្រុស អ្នករួមដំណើរម៉ូតូ HONDA WAVE (រងរបួ​សស្រាល)​
បច្ចុប្បន្ន សា​កស​ព របស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យប្រពៃណី​។ ចំណែក វត្ថុតាង (ម៉ូតូ) ត្រូវ​​បានកម្លាំងសមត្ថកិច្ច នាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំរកដំណោះស្រាយនៅ​ពេលក្រោយ។
សមត្ថកិច្ច បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ ​អ្នកបើកបរម៉ូតូ​ទាំង ០២គ្រឿង គឺជាបងប្អូនបង្កើតជាមួយ​គ្នា៕
អត្ថបទដែលជាប់ទាក់ទង