នគរបាលខេត្ដព្រះសីហនុ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយី» ដកហូតថ្នាំញៀន និងឃាត់ខ្លួនមនុស្សជិត៩០នាក់
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានចុះបង្ក្រាប ទីតាំងខារ៉ាអូខេ នួយកន្លែងយីហោ «ជីនឌានហ្ស៊ីយី» មានទីតាំងនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូរ រក្សាទុកសម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់ នូវសារធាតុញៀន។
យុទ្ធនាការនេះ ធ្វើឡើងកាលពីថ្ងៃទី០៥ ខែមីនា ដោយឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់ ដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនធំ។
យោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្ដព្រះសីហនុ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង៤៥នាទីព្រឹក បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ «ជីនឌានហ្ស៊ីយីម៉ៃទូ» (KTV &BAR) ចំនួន ០១ទីតាំង ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់មនុស្សចំនួន ៨៧នាក់ ស្រី៤៣នាក់។
ចំណែក វត្ថុតាងរឹបយកបាន មានដូចជា៖ ម្សៅសថ្លាសង្ស័យសារធាតុញៀន ១១កញ្ចប់, ម្សៅក្រាមពណ៌សសង្ស័យ សារធាតុញៀន ៧ដប, ដុំក្រាមពណ៌ស សង្ស័យសារធាតុញៀន ២កញ្ចប់, ថ្នាំគ្រាប់សញ្ញា WY សង្ស័យសារធាតុញៀន ១គ្រាប់, សារធាតុរាវ (ទឹក) សង្ស័យសារធាតុញៀន ៣៥ដប, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ និងពណ៌លឿង សង្ស័យសារធាតុញៀន ៥ចំណិត, កញ្ចប់ចំរុះពណ៌សង្ស័យ សារធាតុញៀន ១០កញ្ចប់, រុក្ខជាតិញៀន (កញ្ឆាក្រៀម) ២កញ្ចប់, ឧស្ម័នណាយទ្រីអុកសៃ (Nitrous oxide) បញ្ចូលក្នុងប៉េងប៉ោង ៣បំពង, ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន, ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ៦ដប, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ៦គ្រឿង, សារធាតុផ្សំ (មិនច្បាស់) មួយចំនួន, សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, លិខិតឆ្លងដែន ៥ក្បាល និងកាតរឹងមួយចំនួន។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងសាកសួរ ជនសង្ស័យទាំងនោះ ដើម្បីឈានទៅស្រាវជ្រាវបន្ត តាមនីតិវិធីច្បាប់៕