អ្នកជំនាញជួសជុលប្រាសាទជម បន្តស្វែងរកប្រភពដើមថ្ម ដែលជ្រុះធ្លាក់រាយប៉ាយ មកជួសជុលឡើងវិញ
ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលប្រាសាទជម បានបំពេញការងារសម្រង់ប្លង់ ថតរូប រៀបចំចុះបញ្ជីថ្ម រាប់រយដុំ ដែលបានរលុះធ្លាក់រាយប៉ាយនៅលើដី និងបែងចែកទៅតាមប្រភេទថ្ម ដើម្បីស្វែងរកទីតាំងដើម ហើយនឹងរៀបចំជួសជុលប្រាសាទនេះ ឱ្យបានពេញលេញតាមលក្ខណៈដើមឡើងវិញ ដោយព្យាយាមប្រើប្រាស់ ថ្មថ្មីតិចបំផុត។
បច្ចុប្បន្ន ក្រុមការងារ កំពុងសាកល្បងផ្គុំថ្មទៅតាមលំនាំដើម បានចំនួនជាង២០០ដុំ ក្នុងចំណោមថ្មប្រមាណ ៧០០ដុំ ដែលបន្តស្វែងរកទីតាំងដើម។
ស្ថាបត្យករ នៃអាជ្ញាធរជាតិអប្សរា លោក ថៃ យ៉ាម៉ង់ ដែលកំពុងរៀបចំផ្គុំសាកល្បងថ្ម នៅបរិវេណខាងជើងប្រាសាទ បានឱ្យដឹងថា ចំនួនថ្មរាប់រយដុំទាំងអស់នេះ កាលមុនរៀបចំជួសជុល គឺស្ថិតនៅក្នុងបរិវេណប្រាសាទ ខ្លះកប់ក្នុងដី និងខ្លះទៀតនៅគរលើគ្នា។ ក្រោយមកក្រុមការងារ បានថតរូប ចុះបញ្ជី សម្រង់ប្លង់ និងរើយកមកថ្មទាំងនោះ ដាក់នៅខាងក្រៅបរិវេណប្រាសាទ ដើម្បីងាយស្រួលបំពេញការងារ។
ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បានកំណត់អត្តសញ្ញាណ និងវាស់វែងដុំថ្មនីមួយៗ ព្រមទាំងបានបែងចែកទៅតាមប្រភេទដូចជា ៖ ថ្មហោជាង ថ្មដំបូល ថ្មខឿន និងថ្មជញ្ជាំងជាដើម មុននឹងសាកល្បងផ្គុំ ទៅតាមបច្ចេកទេស និងទម្រង់ របស់ថ្មនីមួយៗនៃប្រាសាទ។
លោក ថៃ យ៉ាម៉ង់ បញ្ជាក់ទៀតថា មកដល់ពេលនេះ ក្រុមការងារ បានរកឃើញថ្ម និងបានផ្គុំសាកល្បង ត្រូវតាមលំនាំដើម របស់រចនាសម្ពន្ធ នៃប្រាសាទ ក្នុងនោះមានហោជាងទាំង ៤ទិស និងថ្មកំពូលប្រាសាទ មានរាងជាផ្កាឈូក ថ្មខឿន ថ្មជញ្ជាំង ថ្មកំពូលជាដើម។
ទោះមានការលំបាកក្តី ក្រុមការងារនៅតែបន្ត ខិតខំប្រឹងប្រែងស្វែងរកថ្ម ដែលជ្រុះធ្លាក់លាយឡំគ្នាទាំងនេះ។
ចំពោះបញ្ហា ដែលថ្មខ្លះពុកផុយ ខ្លះបាក់បែក និងខ្លះទៀតសឹករិចរិលរលុបនូវក្បាច់ ធ្វើឱ្យពិបាកបែងចែកប្រភេទ និងពិបាកកំណត់ប្រភព នៃទីតាំងដើម គឺក្រុមការងារ ត្រូវការចំណាយពេលវេលាមួយសមស្រប ដើម្បីជួសជុល និងស្វែងយល់ ឱ្យបានគ្រប់ជ្រុងជ្រោយ។
ការព្យាយាម របស់អ្នកជួសជុល និងអភិរក្សជំនាន់ថ្មីនេះ ដើម្បីការពារ និងលើកតម្លៃប្រាសាទជម ដែលជាកេរដូនតាខ្មែរ ឱ្យបាននូវលក្ខណៈដើមឡើងវិញ និងគង់វង្សបានយូរអង្វែងតទៅទៀត៕
អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ភោគ ជា