កម្មកររោងចក្រមួយចំនួន ពេញចិត្តនឹងសេវាពេទ្យដៃគូ ប.ស.ស
រាជធានីភ្នំពេញ ៖ កម្មកររោងចក្រមួយចំនួន សម្ដែងក្ដីរីករាយ ចំពោះការបម្រើ របស់សេវាពេទ្យ ដែលជាដៃគូបេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស ក្រោយពីពួកគេ បានទទួលការព្យាបាលជំងឺ ដោយឥតគិតថ្លៃ ទាំងពេទ្យរដ្ឋ និងឯកជន។
ពួកគេសាទរ និងលើកទឹកចិត្តដល់កម្មករគ្រប់រូប ឱ្យប្រើសេវាពេទ្យប.ស.សនេះ នៅគ្រប់ពេល ដែលខ្លួនមានជំងឺដង្កាត់ និងត្រូវការថ្នាំសង្កូវ ដើម្បីប្រើសេវានេះ ឱ្យអស់លទ្ធភាព និងសន្សំសំចៃថវិកាផង។
កម្មកររោងចក្រម្នាក់ ដែលធ្លាប់ធ្វើការនៅរោងចក្រ វ៉ាយ អែន ដាប់ប៊យូ (Y & W) នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ លោក ឈាវ ស៊ុយទ្រី ដែលទើបវះកាត់ដកដែកចេញពីជើង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត (ហៅពេទ្យ រុស្សី) ថ្លែងប្រាប់សារព័ត៌មាន “កម្ពុជាថ្ងៃនេះ” ថា លោកសប្បាយចិត្តណាស់ ក្រោយទទួលបាន វះកាត់ដកដែក ដែលអបឆ្អឹងជើង ជាង ៥ឆ្នាំហើយ បានដោយជោគជ័យ និងសុវត្ថិភាព។ ហើយថា ក្រោយវះកាត់ បាន ១ខែ រូបលោកបានចូលធ្វើការងារ ក្នុងរោងចក្រវិញបានធម្មតា។ ប៉ុន្តែ ត្រូវប្ដូររោងចក្រ ដោយសារអតីតរោងចក្រលោកធ្វើការបានបិទទ្វារក្ស័យធន។
លោក ឈាវ ស៊ុយទ្រី បានរៀបរាប់ទាំងទឹកមុខរីករាយ លាយនឹងកែវភ្នែកសើមជាប់នឹងប្រស្រី ដោយបញ្ជាក់មួយៗថា ដោយសារមានបណ្ណ ប.ស.សនេះ ទើបរូូបលោកអាចមានលទ្ធភាព វះកាត់ដកដែកចេញពីជើង ដែលបានគ្រោះថ្នាក់ដួលម៉ូតូ បាក់ភ្លៅ ជាង ៥ឆ្នាំកន្លងមកលហើយ។
លោក ស៊ុយទ្រី ថ្លែងទាំងលើកដៃអរគុណដល់ រដ្ឋាភិបាល ដែលបង្កើតកម្មវិធីជួយសម្រួលដល់ ពលរដ្ឋខ្វះខាត អាចទទួលបានសេវាសុខភាពល្អប្រសើរ ដូចអ្នកមានធនធានគ្រប់គ្រាន់ដែរ។
លោក ឈាវ ស៊ុយទ្រី ថ្លែង៖ «ខ្ញុំនៅទ្រាំដេកអោបដែកនៅជើងនេះ យូរឆ្នាំហើយ តែបាន ប.ស.ស របស់រដ្ឋជួយសម្រួលដល់ខ្ញុំ និងគ្រួសារយ៉ាងច្រើន។ ខ្ញុំសង្ឃឹមថា បងប្អូនខ្មែរយើងនឹងប្រើ ប.ស.ស គ្រប់គ្នា ដើម្បីទទួលបាន សេវាពេទ្យល្អ ដូចខ្ញុំអ៊ីចឹង»។
អតីតកម្មការិនីរោងចក្រវ៉ាយ អែន ដាប់ប៊យូ (Y & W) នេះដែរ លោកស្រី ចាន់ ស៊ីថន បានរៀបរាប់ថា សេវាពេទ្យដៃគូ ប.ស.ស បានជួយសេដ្ឋកិច្ចលោកស្រីច្រើនណាស់ ជាច្រើនឆ្នាំមកនេះ។ លោកស្រីថា ជាកម្មកររោងចក្រពុំសូវមានថវិកាសល់ច្រើន ទៅពេទ្យឯកជន ពេលមានជំងឺម្ដងៗទេ ត្បិតថា លោកស្រីមានជំងឺប្រចាំកាយ ហើយត្រូវផឹកថ្នាំជាប្រចាំផង។ ប៉ុន្តែ លោកស្រីថា ក្រោយពេលរោងចក្រ ដែលលោកស្រីធ្វើការបានក្ស័យធន លោកស្រីបានជួលផ្ទះគេ លក់អីវ៉ាន់ចាប់ហ៊ួយតិចតួច ដូច្នេះលោកស្រីនៅបារម្ភថា ពេលឈឺថ្កាត់ត្រូវចូលដេកពេទ្យ លោកស្រីនឹងពុំមានលទ្ធភាពបង់សេវាពេទ្យឡើយ ដូច្នេះលោកស្រីកំពុងពិចារណាប្រើសេវាទិញ ប.ស.សជាកញ្ចប់បុគ្គលខ្លួនឯង និងបង់ប្រចាំខែ តាមគោលការណ៍ ដែលកំណត់ជាផ្លូវការ។
លោកស្រី ចាន់ ស៊ីថន ថ្លែងថា «ខ្ញុំលឺថា ពេលនេះ ប.ស.ស មានសេវាថ្មី ទោះមិនធ្វើការរោងចក្រដូចមុន ក៏អាចទិញកញ្ចប់សេវាសុខភាពសង្គម របស់ប.ស.ប បានដែរ ហើយមានប្រសិទ្ធភាព ដូចកាលខ្ញុំនៅធ្វើការរោងចក្រដូច្នេះដែរ»។
បច្ចុប្បន្នបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានពង្រីកសេវាគាំពារបន្ថែម ដើម្បីបម្រើជូនដល់ពលរដ្ឋទូទៅ ដែលធ្វើការក្នុងវិស័យឯកជនគ្រប់ប្រភេទ។ កម្មវិធីនេះមានឈ្មោះថា បុគ្គលស្វ័យនិយោជន៍ ហើយ កម្មវិធីនេះ គាំទ្ររាល់បុគ្គលដែលធ្វើការរកប្រាក់ចំណូល ដោយខ្លួនឯង មិនមានពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ពីនិយោជក ឬស្ថាប័នរដ្ឋតាមកិច្ចសន្យាការងារឡើយ។
តាមរយៈកម្មវិធីនេះ ពលរដ្ឋមានសិទ្ធិអាចទទួលបានការការពារពី ប.ស.សគ្រប់ពេល និងដោយស្ម័គ្រចិត្ត។ លក្ខខណ្ឌកម្មវិធី ប.ស.ប បុគ្គលស្វ័យនិយោជន៍នេះ គឺតម្រូវឱ្យពលរដ្ឋមានអាយុក្រោម ៦០ឆ្នាំ។
ចំណែកការចុះឈ្មោះ គឺគ្រាន់តែទៅកាន់ការិយាល័យ ប.ស.ស គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងបំពេញព័ត៌មាន ផ្ទាល់ខ្លួនមួយចំនួនប៉ុណ្ណោះ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីប.ស.ស បានចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាល ក្នុងស្រុកយ៉ាងច្រើន បើទោះបីជាពេលកន្លងទៅ អ្នកប្រើសេវា ប.ស.ស ធ្លាប់បានរិះគន់ពីការរើសអើង របស់អ្នកផ្ដល់សេវាសុខាភិបាលមួយចំនួនក្ដី។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូនក្នុងបន្ទុកគ្រួសារមន្ត្រីរាជការ ដោយមិនបង់ថ្លៃសេវា។ សម្ដេចបានសរសេរ ក្នុងទំព័រហ្វេសប៊ុក របស់លោកថា អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង ១ខែ នោះនឹងទទួលបានការថែទាំសុខភាព ពេញ ២៤ម៉ោង លើ ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។
កម្មវិធី ប.ស.ស ជាគោលនយោបាយសន្តិសុខសង្គម របស់រាជរដ្ឋាភិបាល បានចូលរួមចំណែកយ៉ាងសំខាន់ ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្រ និងជាប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ដែលបង្កើតដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ បេឡាជាតិសន្តិសុខសង្គមមានសមាជិកសរុបជិត ២លាននាក់ (១.៩៤៥.៧៩៥ ក្នុងនោះសមាជិកក្នុងវិស័យឯកជនមានចំនួន ១.៤៩១.៦១៣នាក់។
ចំណែកសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ មានជាង ២ម៉ឺននាក់ (២០.០៣១)៕ ដោយ ៖ អ៊ុង សេរីវុទ្ធ