គយថា ទូរស័ព្ទដែលចាប់នៅត្បូងឃ្មុំ ដោយសារពុំមានបិទត្រាពន្ធគយ និងឯកសារស្របច្បាប់
ខេត្តត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហៅកាត់ថា អគរ បានអះអាងថា ទូរស័ព្ទជាង ១ពាន់គ្រឿង (១.៣១១) ដែលអាជ្ញាធរមានសមត្ថកិច្ចចាប់ពីហាងទូរស័ព្ទនៅខេត្តត្បូងឃ្មុំ យកមករក្សាទុក កាលពីថ្ងៃទី៣០ ឧសភា គឺជាទំនិញដែលពុំមានបិទត្រាពន្ធគយ និងឯកសារស្របច្បាប់។
សេចក្ដីបំភ្លឺ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីយប់ថ្ងៃទី៣១ ឧសភា ដើម្បីឆ្លើយតបនឹងការរិះគន់ពីពលរដ្ឋ ប្រើប្រាស់បណ្ដាញសង្គម ករណីមន្ត្រីគយខេត្តត្បូងឃ្មុំ ចុះត្បូងពិនិត្យហាងទូរស័ព្ទមួយកន្លែង យីហោ ពិសិដ្ឋ នៅខេត្តនេះ ហើយបានដកហូតទូរស័ព្ទចាស់ថ្មី របស់ម្ចាស់ហាង និងតម្រូវបង់ពិន័យ នូវចំនួនទឹកជាច្រើនពាន់ដុល្លារអាមេរិក។
សេចក្ដីបំភ្លឺនេះបន្តថា ការចុះចាប់និងដកហូតទូរស័ព្ទខាងលើនេះ ជាផ្នែកមួយ នៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីនៃស្នងការដ្ឋាននគរបាល និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួល ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះ បានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ៥ ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ៖ ទូរស័ព្ទ ប្រេងម៉ាស៊ីន និងគ្រឿងអគ្គិសនីមួយចំនួន។
ពេលចុះប្រតិបត្តិការ មន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។
បច្ចុប្បន្ន ទូរសព្ទទាំងនេះ ត្រូវបាននាំយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅ ទីតាំងឈរជើង របស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ច នឹងប្រគល់ជូនម្ចាស់វិញ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏ពន្យល់ពីអនុលោមតាមមាត្រា ៨ នៃច្បាប់ស្ដីពីគយជាធរមាន ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុខទំនិញទូរស័ព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុ នៃការបិទត្រាពន្ធគយ។
ស្ថាប័នគយបន្តថា កន្លងមកស្ថាប័នខ្លួនតែងចុះផ្សព្វផ្សាយជាប្រចាំ នៅតាមរាជធានី-ខេត្ត ឱ្យស្វែងយល់ពីកាតព្វកិច្ចពន្ធ-អាករនាំចូល ជាពិសេសការតម្រូវឱ្យមាន ត្រាគយលើទំនិញកំណត់ពិសេសដូចជា៖ ទូរស័ព្ទ និងគ្រឿងអេឡិកត្រូនិចមួយចំនួន ហើយក៏មានការបិទផ្សាយខិត្តប័ណ្ណអំពីការអនុវត្តកាតព្វកិច្ចពន្ធ-អាករនេះនៅតាមទីតាំងអាជីវកម្មផងដែរ។
ទោះបីជាស្ថាប័ននេះ បានចេញបំភ្លឺទាំងយប់ក៏ដោយ ពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមភាគច្រើនមិនសាទរ នូវចំណាត់ការនេះទេ។ ពួកគេអះអាងថា អ្នករកស៊ីក្នុងស្រុកភាគច្រើន ទទួលទំនិញលក់ដូរក្នុងទីផ្សារពីក្រុមហ៊ុន និងអ្នកបោះដុំតៗគ្នា។ ពួកគេស្នើដល់អាជ្ញាធរមានសមត្ថកិច្ច គួរចុះចាប់ទំនិញទាំងនោះ នៅតាមច្រកព្រំដែន មុននឹងអនុញ្ញាត ឱ្យចែកចាយលក់បន្តនៅក្នុងស្រុក៕ ដោយ ៖ អ៊ុង សេរីវុទ្ធ