ក្រុមហ៊ុន ជី.ធី.វី.ស៊ី កំពុងពង្រីកសេវាដឹកជញ្ជូន ទៅវៀតណាមនិងថៃ តាមផ្លូវសមុទ្រ ដើម្បីបង្កភាពងាយស្រួលជូន ភ្ញៀវទេសចរ
ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C Speedboat Cambodia) កំពុងពង្រីកសេវាដឹកជញ្ជូនវិស័យទេសចរណ៍ របស់ខ្លួន ដើម្បីបំរើដល់តម្រូវការចាំបាច់ ក៏ដូចជាផ្តល់ នូវភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឬអតិថិជន ដែលតែងតែគាំទ្រ សេវាបំរើ របស់ក្រុមហ៊ុននេះ ទាំងពេលកន្លងមក និងបន្តទៅថ្ងៃអនាគត។
អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី មានប្រសាសន៍នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះថា បច្ចុប្បន្ន ក្រុមហ៊ុន ជី.ធី.វី.ស៊ី កំពុងពង្រីកសេវាកម្មដឹកជញ្ជូន របស់ខ្លួន ដោយបានពង្រីកសេវាដឹកអ្នកដំណើរធ្វើដំណើរ ឆ្លងប្រទេស គឺចេញដំណើរពី កំពង់ផែក្រុងព្រះសីហនុ ឆ្លងកាត់ខេត្តកោះកុង ឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ ដោយប្រើប្រាស់អូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C Speedboat Cambodia)។
អ្នកឧកញ៉ា បន្តទៀតថា ចំពោះការងារពង្រីកសេវាកម្មដឹកជញ្ជូន ដើម្បីជួយសម្រួលដល់តម្រូវការ របស់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី លើគម្រោងថ្មីនេះ ប្រយោជន៍ដើម្បីជម្រុញដល់ការងារវិនិយោគ ផង និងពង្រីកវិស័យទេសចរណ៍ ជាមួយប្រទេសជិតខាង នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម និងថៃ ឳ្យមានភាពងាយស្រួល និងកាត់បន្ថយការចំណាយផ្សេងៗ។
អ្នកឧកញ៉ា ទៀ វិចិត្រ ដែលសាធារណជនឳ្យឈ្មោះថា ជាអ្នកឧកញ៉ា ចិត្តធម៌ផងនោះ បញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ ជាជំហ៊ានដំបូង រូបលោក បានបញ្ជូនក្រុមការងារជំនាញ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី នៅតាមផ្នែកនីមួយៗ ដោយមានទាំងមន្ត្រីជំនាញមន្ទីរស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ អមដំណើរជាមួយផងនោះ បានធ្វើដំណើរឆ្ពោះទៅកាន់ ខេត្តត្រាត ប្រទេសថៃ ដើម្បីជួបប្រជុំពិភាក្សាគ្នា ជាមួយ អាជ្ញាធរខេត្តត្រាត លើការងារតភ្ជាប់គម្រោងដឹកជញ្ជូន តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម និងថៃ ធ្វើយ៉ាងណាជម្រុញ ឳ្យគម្រោងខាងលើនេះ លេចចេញជារូបរាង ឳ្យបានឆាប់ៗនេះ៕ ដែន សីមា