បញ្ហាអាកាសធាតុ បង្កការលំបាកសម្រាប់ការរុករក ឧទ្ធម្ភាគចក្រ បាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ
ខេត្តពោធិ៍សាត់ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឱ្យដឹងថា បញ្ហាអាកាសធាតុ បានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ។
លោកបន្តថា រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់ជូរភ្នំកហរវាញ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។
សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស ២នាក់ ដែលបាត់ខ្លួន ជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។
យ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារ កត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការរុករកឱ្យឃើញ ក្នុងពេលឆាប់ៗខាងមុខនេះ៕