អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក រៀបចំកម្មវិធីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ខេត្តត្បូងឃ្មុំ ៖ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំនេះសំណាល ជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកត្បូងឃ្មុំ ។ នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានណែនាំអាជ្ញាធរ ក្រុង ស្រុក ទាំង៧ ត្រូវរៀបចំពីធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ឱ្យបានគងរំពង ។

លោកអភិបាលខេត្ត មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត់ ដូច្នេះយើងត្រូវតែចូលរួមអបអរសាទរឱ្យបានផុសផុល តាមដែលអាចធ្វើទៅបាន ដូចជារៀបចំទូងស្គរ វាយគង ជួង អាគាំំងជាដើម ។

ជាមួយគ្នានោះ លោក ក៏បានបញ្ជាក់ដែរថា រដ្ឋបាលខេត្ត ក៏រៀបចំការប្រគុំតន្ត្រីខ្នាត់ធំ និងបាញ់កាំជ្រួចនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីអបអរថ្ងៃបើកការដ្ឋាននេះផងដែរ។ ដូច្នេះសូម ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ចូលរួមអបអរសាទរ និងមកលេងកម្សាន្តឱ្យបានគ្រប់ៗគ្នា ។

នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ស្រុក ឃុំ ត្រូវបន្តធ្វើកិច្ចការងារបម្រើសវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យល្អ ប្រកបដោយភាពស្និតស្នាល ក្តីស្រឡាញ់ និងពោពេញដោយស្នាមញញឹមជានិច្ច ។ ក្នុងនោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដូចជា ៖ ការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ការងារបង្ក្រាបក្មេងទំនើង ការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រដ្ឋបាលស្រុក ត្រូវសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាប ឳ្យបាន ដោយធ្វើយ៉ាងណាកុំឱ្យកើតមានលើទឹកស្រុកត្បូងឃ្មុំ ។

តាមរបាយការណ៍ លោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ក្រោមគម្រោងប្រើប្រាស់មូលនិធិ ស្រុក ឆ្នាំ២០២៣ បានធ្វើការជួសជុល ថែរក្សាផ្លូវ បេតុង និងផ្លូវក្រាលគ្រួសក្រហម បានចំនួន ៥ ខ្សែ ដោយចំណាយថវិការអស់ជាង ១ ពាន់លានរៀល ។

ដោយឡែក ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់ អាជ្ញាធរស្រុក បានសិក្សា ទប់ស្កាត់បទល្មើសគ្រប់ប្រភេទជាប្រចាំ តែយ៉ាងណានៅមានបញ្ហាប្រឈបមួយចំនួន ដូចជា ៖ ការលួចលេងល្បែងស៊ីសងតាមអនឡាញដែលនៅតែបន្តកើតមាន បញ្ហាគ្រឿងញៀនចាប់យកតែលុយហើយលែងវិញ ធ្វើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ មិនហ៊ានសហការ ជាដើម ។

នៅក្នុងឳកាសនោះ លោក សេង សុខខឿន ក៏បានសំណូមពរដល់ លោកអភិបាលខេត្ត ជួយជម្រុញលើការងារមួយចំនួនដូចជា៖ ជួសជុលផ្លូវគម្រោង របស់ក្រសួងអភិវឌ្ឍជនបទ ដែលមួយចំនួនកំពុងរងការខូចខាតយ៉ាងខ្លាំង, តបណ្តាញអគ្គីសនីចូលភូមិ ដែលមិនទាន់មានភ្លើងប្រើប្រាស់ចំនួន ១០២ គ្រួសារក្នុងភូមិអូពី ឃុំថ្មពេជ្រ , សុំឳ្យក្រុមហ៊ុន ដែលស្ថាបនាផ្លូវជាតិលេខ៧ ធ្វើប្រព័ន្ធលូរំដោះសងខាងផ្លូវ ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង