លោក ជា សុផារ៉ា ណែនាំឱ្យអាជ្ញាធរខេត្តត្បូងឃ្មុំ ដាំកូនឈើអមសងខាងផ្លូវ និងកែលំអរតំបន់រមណីដ្ឋាននានា

ខេត្តត្បូងឃ្មុំ ៖ លោក ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានណែនាំដល់ អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រូវសិក្សាដាំកូនឈើអមសងខាងផ្លូវ ក្នុងខេត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពបៃតងក្នុងខេត្ត ពិសេសចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះ និងដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ លើកទឹកចិត្តដល់ ប្រជាពលរដ្ឋ ដាំដើមឈើឱ្យបានច្រើន ក្នុងនោះអាជ្ញាធរខេត្ត ចាំបាច់ត្រូវសិក្សាកែលំអរតំបន់រមណីដ្ឋាននានា ដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍ទាក់ទាញ់ភ្ញៀវមកលេងកម្សាន្ត ។

លោក ជា សុផារ៉ា លើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំ បូកសរុបការងារ គណបក្សប្រចាំឆមាសទី១ និងទិសដៅភារកិច្ចការងារគណបក្សឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ។

លោក ជា សុផារ៉ា មានប្រសាសន៍ថា ដើមឈើគ្រប់ប្រភេទ បើសិនជាយើងទាំងអស់គ្នាចូលរួមដាំដុះ វាអាចជួយលើកម្ពស់សោភ័ណភាព និងជួយកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ តែយ៉ាងណា ត្រូវជ្រើពេលវេលាដាំដុះ ឱ្យបានត្រឹមត្រូវតាមរដូវកាល ពោលដាំក្នុងរដូវដែល ងាយថែរក្សា។

ជាមួយគ្នានោះ តាមរយៈមន្ទីវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសិក្សា តាមទីតាំងប្រវត្តិសាស្ត្រ ទីតាំងរម្យណីដ្ឋាននានា ធ្វើការរៀបចំ ឱ្យបានស្អាតប្រយោជន៍ ដើម្បីទាក់ទាញភ្លៀវទេសចរ មកលេងកម្សាន្ត ផ្តល់ប្រាក់ចំណូលល់ ប្រជាពលរដ្ឋដោយផ្ទាល់។

បន្ថែមលើនេះ លោក ជា សុផារ៉ា ក៏បានក្រើនរំលឹកដល់ សមាជិកបក្សទាំងត្រូវត្រៀមជាប់ជានិច្ច នូវកិច្ចការសំខាន់ៗមួយចំនួន ដោយយើងត្រូវត្រៀមឱ្យបានគ្រប់ជ្រុងជ្រោយ ពីចំងាយ រៀបចំកម្លាំង រៀបចំផែនការ និងរៀបចំពេលវេលា ឱ្យបានច្បាស់លាស់ ដើម្បីដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតអាណត្តិបន្តទៀត ព្រោះថាអាណត្តិក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងមកឈរជាបេក្ខជនតំណាង នៅមណ្ឌលខេត្តត្បូងឃ្មុំ របស់យើង ។

ជាមួយគ្នានោះ លោក សុផារ៉ា ក៏បានថ្លែងកោតសសើរចំពោះ លោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាល ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ថែទាំសុខមាលភាព ប្រជាពលរដ្ឋ បានយ៉ាងល្អនាពេលកន្លងមក ដែលកត្តានេះក៏ជា រួមចំណែកមួយយ៉ាងសំខាន់ ក្នុងការផ្តល់សេចក្តីទុកចិត្ត របស់ប្រជាពលរដ្ឋ មកលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។

តាមរបាយការណ៍ របស់លោក កេង ប៊ុណ្ណា អនុប្រធានគណៈកម្មការធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅក្នុងខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋភាគច្រើនលើសលប់ នៅតែមានជំនឿជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះរចនាសម្ព័ន្ធអង្គការចាត់តាំង របស់គណបក្ស គ្រប់ថ្នាក់ បានរៀបចំត្រឹមត្រូវ និងបានពង្រឹង សមត្ថភាពយល់ដឹងក្នុងការអនុវត្តការងារ បានច្បាស់លាស់ ។

ជាមួយគ្នានោះ ការកសាងសមាជិកថ្មីសរ៉ុបបានចំនួន ៧,៦២៧ នាក់ និងបានធ្វើចលនាបន្ត ធ្វើសកម្មភាពចិញ្ចឹមចលនាមហាជនយ៉ាងផុលផុស នៅគ្រប់មូលដ្ឋាន ឃុំ សង្កាត់ តែយ៉ាងណា លោកថា នៅមានបញ្ហាប្រឈមបន្តិចបន្តួចផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង