ពលរដ្ឋក្រុងសួង សំណូមពរអាជ្ញាធរ និងក្រុមការងាររដ្ឋាភិបាល ជួយស្តារប្រឡាយ ជួសជុលផ្លូវ និងដាក់ភ្លើងបំភ្លឺផ្លូវ
ខេត្តត្បូងឃ្មុំ ៖ ថ្លែងនៅក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងសួង ដែលរៀបចំធ្វើ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ធា គ្រុយ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងសួង នៅក្នុងបរិវេណវត្តវិហារលួង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តំណាងប្រជាពលរដ្ឋ បានសំណូមពរ ជួយដោះស្រាយបញ្ហាមួយចំនួនដូចជា៖ ស្តារប្រឡាយទឹក ជួសជុល និងធ្វើផ្លូវ ដាក់អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវ និងបញ្ហាមួយចំនួនទៀត ។
មានប្រសាសន៍ លើវេទិកាសាធារណៈ លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងថា មកដល់ថ្ងៃនេះ ប្រទេសជាតិយើងក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ពិតជាមានការរីកចម្រើនលើគ្រប់វិស័យ ទាំងនៅទីក្រុង និងនៅទីជនបទ ភាគច្រើនយើងមានផ្លូវល្អ មានភ្លើង ប្រើប្រាស់ ដែលជាមធ្យោបាយ ជួយដល់ការងារប្រកបរបរ រកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក្នុងនោះសាលារៀនមានច្រើន ចាប់ពីថ្នាក់បឋម ដល់វិទ្យាល័យ ដែលបង្កភាពងាយស្រួល ដល់កូនៗ របស់បងប្អូនប្រជាពលរដ្ឋ សិក្សារៀនសូត្រ តែយ៉ាងណាយើងនៅមានបញ្ហាមួយចំនួន ដែលត្រូវបន្តអភិវឌ្ឍ និងដោះស្រាយបន្ថែមទៀត ដើម្បីកាន់តែបង្កភាពងាយស្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់ ។
ឆ្លើយតបសំណូមពរ របស់ប្រជាពលរដ្ឋភ្លាមៗ លោក ង៉ូវ បូរីណា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានក្រុងសួង បានលើកឡើងថា ចំពោះសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋគឺ ក្រុមការងារ និងយកទៅសិក្សាដោះស្រាយជូន ចំពោះសំណូមពរណា ដែលដោះស្រាយបាននិងដោះស្រាយជូន ចំពោះសំណូមពរណា ដែលហួស សមត្ថកិច្ច ក្រុមការងារនឹងដាក់សំណើរទៅថ្នាក់លើបន្ត ពោលគឺ ដោះស្រាយជាជំហានៗ ។ ក្នុងនោះក្រុមការងារ នឹងរៀបចំដាក់អំពូលភ្លើង សូឡា នៅក្នុងភូមិណាមួយ នៃសង្កាត់សួង និងរៀបចំធ្វើឡដុតសម្រាម ក្នុងសង្កាត់ទាំង២ ខណៈការរៀបចំធ្វើនេះ នឹងធ្វើម្តងមួយជំហាន ដោយមិនអាចធ្វើម្តងឱ្យអស់ទាំងស្រុងនោះទេ។
តាមរបាយការណ៍ លោក ជា ណារ៉ុន អភិបាលក្រុងសួង បានឱ្យដឹងថា សម្រាប់ការងារ ហេដ្ឋារចនាសម្ព័ន្ធរួម អាជ្ញាធរក្រុង បានធ្វើលូប្រអប់ ២ខ្សែ ប្រវែង ៥៦៣ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិក្រុង , ស្តារប្រឡាយ ២ ខ្សែប្រវែង ២,០០០ ម៉ែត្រ , ស្តាលូរំដោះទឹកស្អុយ ៣ខ្សែ ប្រវែង ៦៤៣ ម៉ែត្រ និងសាងសង់ផ្លូវបេតុងអាមេបាន ៧ខ្សែ ប្រវែង ១,៩៩៩ ម៉ែត្រ ក្នុងនោះ គម្រោងមូលនិធិក្រុងចំនួន ២ខ្សែ គម្រោងមូលនិធិសង្កាត់ទាំង២ ចំនួន ៣ខ្សែ និងថវិការគាំទ្រដោយសប្បុរសជនចំនួន ២ខ្សែ។
ក្រៅពីការងារខាងលើ រដ្ឋបាលក្រុងបានយកចិត្តទុកដាក់ គ្រប់គ្រងតាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅដទៃទៀត ។
ជាមួយគ្នានោះ រដ្ឋបាលក្រុង ក៏បន្តជម្រុញលើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគនាគមន៍តភ្ជាប់ជាសសៃឈាម សេដ្ឋកិច្ចពីប្រជុំជន ដល់ជនបទ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មន្ទីពេទ្យបង្អែក មណ្ឌលសុខភាព សាលារៀន ក្នុងនោះ ក៏កំពុងជម្រុញលើការងារផ្សព្វផ្សាយរកយុវជន ឱ្យទៅចូលរៀនវគ្គខ្លី ជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ឱ្យសម្រេចគោលដៅ ១ លាន ៥ សែន នាក់ រួមទាំងការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមរយៈការពង្រឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ៕