អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្តាល័យសង់ពីឥដ្ឋ នៅជ្រុងឦសានប្រាសាទភ្នំក្រោម
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្ណាល័យ សង់ពីឥដ្ឋនៅជ្រុងឦសាន របស់ប្រាសាទភ្នំក្រោម ដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែង បន្តទៀត។
លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោម បានរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យ ដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់ នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាត ជ្រាបទឹកពេលភ្លៀងជាដើម។
មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួសជុលពង្រឹង ខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសាន រហូតដល់ក្បាំងជញ្ជាំងខាងលើ។ ពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះ រឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។
សូមបញ្ជាក់ថា ប្រាសាទភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ប្រាសាទនេះ កសាងនៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយកៀ្រម លើភ្នំកម្ពស់ ១៤០ម៉ែត្រ ជាភ្នំនៅទំនាប មាត់បឹងទន្លេសាប ខាងត្បូងក្រុងសៀមរាប ក្នុងចម្ងាយ ១២គីឡូម៉ែត្រ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា