រថភ្លើង​ដាច់​ទូ ក្រឡាប់ដោយ​ខ្លួនឯង នៅវាលរេញ ខេត្តព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឱ្យដឹងថា មានករណី​គ្រោះថ្នាក់​ចរាចរណ៍ រថភ្លើង​ដាច់​ទូ ក្រឡាប់​ខ្លួនឯង នៅ​ម៉ោង​ប្រមាណ ០៥​​ល្ងាច​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៤ លើ​ដងផ្លូវ​ដែក ក្បែរ​ចំណុច​ចំណត​រថភ្លើង ​វាល​រេញ ស្ថិត​នៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​អោយ​ដឹង​ថា រថភ្លើង​០១​ខ្សែ នេះ ជាប្រភេទ​ដឹក​ទំនិញ ពណ៌​ទឹកប៊ិច​លាយ​ក្រហម​ឆ្នូត​លឿង បិទ​លេខ​សម្គាល់​លេខ 6535 ដែល​មាន​ទិស​ដៅ​ពី​ ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ខេត្តកំពត បើកបរ​ដោយ​ឈ្មោះ សាក់ វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​ ៤២​ឆ្នាំ មុខរបរ​បើកបរ​រថភ្លើង ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន ROYAL RAILWAY ហើយ​រថភ្លើង​ខាងលើ​ ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន ROYAL RAILWAY ។

សមត្ថកិច្ច បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុខាងលើ ដែលមានស្ថានភាព​ផ្លូវ​ចុះ​ចំណត និង​រថភ្លើង​មាន​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​ផ្លូវ​កោង បណ្ដាល​ឱ្យ​ធ្លាក់​ទៅ​ខាងស្ដាំ រួច​បាន​ដាច់​ទូរថភ្លើង​ពាក់កណ្ដាល ហើយ​ក្បាលរថភ្លើង មិន​ទាន់​អស់​ល្បឿន បាន​ឈប់​ឃ្លាតពី​កន្លែង​កើតហេតុ​ប្រហែល​ ៤០០​ម៉ែត្រ​ ទើប​រថភ្លើង​ឈប់​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នេះ មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​រង​របួស​ឡើយ ខូចខាត​ផ្លូវដែក និង​ធ្លាក់​ទូ​កុងតឺន័រ ចំនួន​០៤​ទូ ។

បច្ចុប្បន្ន រថភ្លើង​ខាងលើ ​កំពុង​ឈប់​នៅ​ក្បែរ​ស្ថានីយ៍​រថភ្លើង ឃុំ​សំរុង ដោយ​រង់ចាំ​ខាង​ក្រុមហ៊ុន ​រក​រថយន្ដ​ស្ទួ​ច​ទូ​ចេញពី​កន្លែង​កើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង