លោក សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ត្រូវធ្វើការរួមគ្នាជាមួយ អាជ្ញាធរជាតិអប្សរា ដើម្បីប់ស្កាត់សំណង់ខុសច្បាប់ និងការទន្ទ្រានយកដី នៅក្នុងតំបន់អង្គរ
ខេត្តសៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ត្រូវធ្វើការរួមគ្នាជាមួយ អាជ្ញាធរជាតិអប្សរា ដើម្បីការពារនិងទប់ស្កាត់សំណង់ខុសច្បាប់ ព្រមទាំងការទន្ទ្រានយកដី នៅក្នុងតំបន់អង្គរ ឱ្យមានប្រសិទ្ធភាព។
ឧនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោក សាយ សំអាល់ បានជំរុញឱ្យអាជ្ញាធរខេត្តសៀមរាប ដែលជាគណៈបញ្ជាការរួម ត្រូវធ្វើការជាមួយ អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលកេរ្ដិ៍ដំណែលដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌ របស់ពិភពលោក ឱ្យបានគង់វង្ស និងមានភាពលេចធ្លោជានិរន្ត។
លោក សាយ សំអាល់ បានបញ្ជាក់ទៀតថា៖ លោកចង់ឃើញការឯកភាពគ្នា ទាំងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ សហការជាមួយ អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារតំបន់រមណីយដ្ឋានអង្គរ និងមានការទទួលខុសត្រូវសម្រាប់ប្រវត្តិសាស្ត្រ។
លោកថា ចាប់តាំងតែពីក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩មក រដ្ឋាភិបាល បានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានជាច្រើន សម្រាប់ការពារអង្គរ ដែលជាកេរ្តិ៍ដំណែល របស់ដូនតាខ្មែរ ដែលបន្សល់ទុកនេះ ហើយនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាម រវាងខ្មែរ ៤ភាគីមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ លើកិច្ចការពារអង្គរនេះមុនគេដែរ។
ការលើកឡើង របស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ បានធ្វើឡើង នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
នាឱកាសនោះដែរ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រយៈពេល ៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយជប៉ុន បារាំង និងបណ្ដាប្រទេសចំនួន ៣៧ផ្សេងទៀត ដែលចូលរួមពិនិត្យ និងផ្ដល់យោបល់ជាប់ជាប្រចាំ នៅក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ នៅតំបន់អង្គរ និងតំបន់ដែលពាក់ព័ន្ធ ធ្វើឱ្យទទួលបានភាពជោគជ័យ និងការកាត់បន្ថយបញ្ហាប៉ះពាល់នានាជាច្រើន មកលើតម្លៃដ៏មហាសាលនៃអង្គរ ព្រមទាំងរក្សាបាននូវតម្លៃលេចធ្លោជា
សកល។
ក៏ប៉ុន្តែទន្ទឹម និងភាពជោគជ័យនេះ បញ្ហាប្រឈមជាច្រើន ក៏នៅតែកើតមាន ទៅលើការងារគ្រប់គ្រងតំបន់អង្គរផងដែរ ដូចជា៖ ការសឹករិចរិលរបស់ប្រាង្គប្រាសាទបុរាណ ដោយសារកំដៅថ្ងៃ និងអាកាសធាតុ រំហូរភ្ញៀវទេសចរខ្លាំង ឧបសគ្គនៃការថែរក្សាការពារ ទំនៀមទម្លាប់ប្រពៃណីនិងជំនឿ របស់អ្នកស្រុកអង្គរ ការទន្ទ្រានយកដីធ្លី ព្រមទាំងការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់ការពារ នៅតែមានការកើនឡើងនៅឡើយ។
ការបង្ហាញពីកង្វល់ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ នៅក្នុងពេល ដែលការគ្រប់គ្រងលើកិច្ចការពារ និងអភិវឌ្ឍន៍តំបន់អង្គរ ជាច្រើនកន្លែង នៅតែមានបញ្ហាប្រឈមនៅឡើយ ចំពោះការទន្ទ្រានយកដី និងការសាងសង់ សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ នៅតែកើន
ឡើង។
ចំណែក អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានឆ្លើយតបថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយ រដ្ឋាភិបាល និងអាជ្ញាធរជាតិអប្សរា លើកិច្ចការពាររមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌ របស់មនុស្សជាតិនេះ។
រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារមានទំហំ ៤០១គីឡូម៉ែត្រក្រឡា ដែលបានគ្របដណ្ដប់លើក្រុងសៀមរាប ក្រុងរុនតាឯក តេជោសែន ស្រុកពួក ស្រុប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។
បច្ចុប្បន្ននេះ ក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋរស់នៅចំនួន ១១៤ភូមិ ស្មើនិង ២៥ឃុំ សង្កាត់ និងមានក្បាលដីសរុបចំនួន ៩៧៩១៣ក្បាលដី៕