មេតុងទីន ប្ដឹងប្រធានតុលាការ និងព្រះរាជអាជ្ញារង ខេត្តឧត្តរមានជ័យ ទៅ ACU និងប្ដឹងទៅថ្នាក់ដឹកនាំបីស្ថាប័នទៀត
ខេត្តភ្នំពេញ ៖ ស្ត្រីមេតុងទីន មានវ័យអាយុ ៣៣ឆ្នាំ និងស្វាមី រស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដាក់ពាក្យប្ដឹង លោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូង ខេត្តឧត្តរមានជ័យ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង ទៅកាន់ ប្រធានអង្គភាពប្រ
ឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធករណីចាប់រូបគាត់ ឃុំឃាំង ដោយបំពាន ហើយបានទាមទារប្រាក់ជាថ្នូរ នឹងការដោះលែង ឱ្យនៅក្រៅឃុំ។
យោងតាមពាក្យបណ្ដឹង ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អ្នកស្រី ដុង ស្រីមុំ ហៅ ស្រីកា ដែលមានវ័យ ៣៣ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើបានដាក់ពាក្យបណ្តឹងមួយច្បាប់ ដាច់ដោយឡែក គឺប្ដឹង លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តឧត្តរមានជ័យ ទៅប្រធានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ស្ត្រីជាមេតុងទីនរូបនេះ ក៏បានដាក់លិខិតសុំបទអន្តរាគមន៍ទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និងលោក កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
អ្នកស្រី ដុង ស្រីមុំ បានជម្រាបជូនថ្នាក់ដឹកនាំទាំងបួនស្ថាប័នថា រូបគាត់ បានទទួលរងនូវ ភាពអយុត្តិធម៌បំផុត ដែលត្រូវបាន៖ « លោក អ៊ុំ
ចាន់ថុល ប្រធានសាលាដំបូង ខេត្តឧត្តរមានជ័យ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង បានគប់គិតគ្នាជាប្រព័ន្ធ ក្នុងអង្គភាពតុលាការ ខេត្តឧត្តរមានជ័យ។ ចំពោះ លោកមេធាវី អ៊ុំ ប៉ែនពិសិដ្ឋ (ប្អូនប្រុស ប្រធានតុលាការ) ជាមេធាវីការពារក្ដីឱ្យនាងខ្ញុំ គាត់គ្រាន់តែជាអ្នកឈរឈ្មោះ ការពារក្ដីឱ្យនាងខ្ញុំតែប៉ុណ្ណោះ តែការដោះស្រាយសំណុំរឿងក្ដីនេះ ជំនួសដោយ លោកមេធាវី វណ្ណា កាណាន់ ទៅវិញ ធ្វើឱ្យរឿងក្ដីនេះ មានការជ្រួលច្របល់ ពេញអង្គភាព ដោះស្រាយមិនចេញ »។
បន្ថែមលើនេះ អ្នកស្រី ក៏បានដាក់ពាក្យបណ្ដឹងតប ទៅលើកូនតុងទីនរបស់គាត់វិញដែរ។ ប៉ុន្តែខាង អយ្យការ ពុំបានចាក់ការលើ នីតិវិធីសំណុំរឿងព្រហ្មទ័ណ្ឌ លេខ១១៩ ចុះថ្ងៃទី២ ខែឧសភា នោះទេ ខណៈកូនតុងទីន របស់គាត់ បានទទួលស្គាល់ថា ពួកគេពុំទាន់បានបង់ប្រាក់តុងទីន ជូនដល់អ្នកស្រី ដុង ស្រីមុំ វិញឡើយ។
ត្រត់ចំណុចនេះ អ្នកស្រី បានសំណូមពរទៅថ្នាក់ដឹកនាំទាំងបួនស្ថាប័នថា សូមជួយពិនិត្យ តាមការស្នើសុំ របស់នាងខ្ញុំ ដើម្បីឱ្យនាងខ្ញុំ ទទួលបានប្រាក់សរុបចំនួន ១៥.៩០០ (មួយម៉ឺនប្រាំពាន់ប្រាំបួនរយ) ដុល្លារអាមេរិក មកវិញ និងសំណងជំងឺចិត្តចំនួន ៥០.០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក។
អ្នកស្រី ដុង ស្រីមុំ បញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានធ្វើជាមេតុងទីនចំនួន ៣ខ្សែ។ ក្នុងនោះមានខ្សែទី១. ក្បាល៥ម៉ឺនរៀល មានសមាជិកចំនួន ១១៥នាក់។ ខ្សែទី២. ក្បាល ១០ម៉ឺនរៀល មានសមាជិក ៧១នាក់ និងខ្សែទី៣. ក្បាល ៤០ម៉ឺនរៀល មានសមាជិកចំនួន ៤៣នាក់។ នៅក្នុងនោះ មានកូនតុងទីនមួយចំនួន បានដេញតុងទីន យកប្រាក់ហើយ ប៉ុនែ្តមិនព្រមបង់មកវិញទេ។ មិនត្រឹមតែប៉ុណ្ណោះទេ ពួកកូនតុងទីនទាំងនោះ បាននាំគ្នាប្តឹងរូបគាត់ទៅតុលាការថែមទៀតផង។ ហើយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ អ្នកស្រី ក៏បានទទួលដីកាកោះ ឱ្យចូលឆ្លើយបំភ្លឺ ពីបទឆបោក និងរំលោភលើទំនុកចិត្ត។
អ្នកស្រីបន្តថា ករណីនេះ នៅក្នុងពាក្យបណ្តឹងគឺប្តឹងតែឈ្មោះ អ្នកស្រីម្នាក់ទេ ក៏ប៉ុន្តែនៅពេលចេញដីកា គឺ លោក ប៉េង ម៉េងគ័រ តំណាងអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ គឺមានឈ្មោះប្ដី របស់អ្នកស្រី នៅក្នុងដីកាកោះនោះដែរ ដោយចោទពី បទឆបោក និងរំលោភលើទំនុកចិត្ត ដូចគ្នា។
អ្នកស្រី ដុង ស្រីមុំ បន្តថា កូនតុងទីន ដែលបានប្តឹងរូបគាត់ គឺសុទ្ធតែជាកូនតុងទីន ដែលជំពាក់លុយអ្នកស្រី។
អ្នកស្រីបន្តថា នៅពេលចូលឆ្លើយបំភ្លឺតាមដីកាកោះ ព្រះរាជអាជ្ញារង បានឱ្យតែប្តីអ្នកស្រី ចូលទៅតែម្នាក់ឯង។ លុះស្អែកឡើង ទើបឱ្យអ្នកស្រីចូលខ្លួន ទៅឆ្លើយបំភ្លឺតាមក្រោយ។ លុះចូលទៅដល់ដៃ ព្រះរាជអាជ្ញារង គឺពុំបានស្ដាប់ការឆ្លើយបំភ្លឺ របស់អ្នកស្រីទេ ដោយចុចទូរស័ព្ទហៅប៉ូលិស ឱ្យមកចាប់ឃុំខ្លួនគាត់ យកទៅស្នងការខេត្តអស់រយៈពេល ៤៨ម៉ោង ហាក់ដូចបានរៀបចំគម្រោងការ គិតទុកជាមុន។
ចំណែក លោក អ៊ុំ ចាន់ថុល ប្រធានតុលាការ និងជាចៅក្រមផង បានឱ្យគេបញ្ជូនរូបអ្នកស្រី ទៅដាក់គុក ហើយទាមទារយកប្រាក់ ៥០លានរៀល ជាថ្នូរក្នុងការដោះលែង ឱ្យនៅក្រៅឃុំ។
អ្នកស្រី ដុង ស្រីមុំ បន្តទៀតថា អំឡុងពេលនៅក្នុងគុក ប្តីរបស់អ្នកស្រី បានពឹងពាក់មេធាវី ឈ្មោះ អ៊ុំ ប៉ែន
ពិសិដ្ឋ ត្រូវជាប្អូនបង្កើត ប្រធានតុលាការ ខេត្តឧត្តរមានជ័យ ឱ្យជួយផ្នែកច្បាប់។ ហើយប្តីអ្នកស្រី ក៏បានប្រគល់ប្រាក់ ៥០លានរៀល ទៅឱ្យទៅមេធាវីខាងលើ ដើម្បីយកទៅឱ្យតុលាការ ជាថ្នូរក្នុងការដោះលែង ឱ្យនៅក្រៅឃុំ។
អ្នកស្រី ដុង ស្រីមុំ បន្ថែមថា អ្នកស្រី បានជាប់គុករយៈពេល ១ខែទើប បានចេញមកវិញ។ ហើយ រហូតមកដល់ថ្ងៃទី២០ ខែធ្នូ តុលាការ ក៏បានកាត់ក្ដីកំបាំងមុខ ឱ្យអ្នកស្រី ចាញ់ក្តីទៀត។ បន្ទាប់មកគាត់ ក៏បានដាក់ពាក្យប្តឹងបកទៅ កូនតុងទីន របស់គាត់វិញ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ តែតុលាការ ពុំមានចំណាត់ការនោះទេ។
អ្នកស្រី បានអះអាងបន្តទៀតថា អង្គហេតុជាក់ស្តែង កូនតុងទីន ដែលបានប្តឹងគាត់ គឺបានបំភ្លៃអង្គហេតុ ទាំងពុំមានភស្តុតាងបញ្ជាក់ឡើយ។ ហើយ នៅពេលអ្នកស្រី កំពុងជាប់ ក្នុងពន្ធនាគារ លោក ប៉េង ម៉េងគ័រ ព្រះរាជអាជ្ញារង បានឱ្យបង់ប្រាក់ចំនួន ៥០,០០០,០០០រៀល (ហាសិបលានរៀល) ជាថ្នូរនៃការឱ្យនៅក្រៅឃុំ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
យ៉ាងណា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ អ្នកភាពសារព័ត៌មានយើង នៅពុំទាន់អាចទាក់ទង លោក អ៊ុំ ចាន់ថុល , លោក ប៉េង ម៉េងគ័ង ក៏ដូចជា អ្នកនាំពាក្យសាលាដំបូង ខេត្តឧត្តរមានជ័យ និង អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ ដើម្បីស្នើសុំការបំភ្លឺ បានទេ ជុំវិញករណីខាងលើ។
អ្នកស្រី ដុង ស្រីមុំ បញ្ជាក់បន្ថែមថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកស្រី បានទទួលសាលក្រមកាត់កំបាំងមុខ លេខ ៥/២៥៥ ចុះថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ របស់សាលាដំបូងខេត្តឧត្តរមានជ័យ ដោយសម្រេចផ្តន្ទាទោស កំណត់រយៈពេល ២ឆ្នាំ និងសងសំណងទៅឱ្យដើមបណ្ដឹងចំនួន ៩១,៩០០,០០០រៀល ពីបទឆបោក និងរំលោភលើទំនុកចិត្ត៕