អាជ្ញាធរជាតិអប្សរា កំពុងដឹកជញ្ជូនថ្មភក់ថ្មី ដើម្បីជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២ប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ៖ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា មមាញឹកដឹកជញ្ជូនថ្មភក់ថ្មីចំនួនប្រមាណជាង ៦០ដុំ ដើម្បីយកទៅជួសជុល បណ្ណាល័យខាងត្បូង នៅរួតទី២ នៃប្រាសាទអង្គរវត្ត។ ថ្មភក់១ដុំៗ មានទម្ងន់ចាប់ពីជាង ៩០គីឡូក្រាមរហូតទៅដល់ជាង ២តោន និងថ្មខ្លះមានប្រវែងជាង ៣ម៉ែត្រ គឺត្រូវប្រើឧបករណ៍កៅឡាក់ លើកដាក់លើរន្ទារឡូរី ហើយអូសឆ្លងកាត់ថែវទី១ និងទី២ នៅទិសខាងកើតននៃប្រាសាទអង្គរវត្ត។ បន្ទាប់មក លើកដាក់រទេះអូសចម្ងាយជាង ១០០ម៉ែត្រទៀត ទើបដល់ការដ្ឋានជួសជុល ស្ថិតនៅខាងលិចរួតបាកាន្ត។
លោក ឃាម មុនី ស្ថាបត្យករ និងគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង រួតទី២ ប្រាសាទអង្ករវត្ត ឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធបណ្ណាល័យ និងស្ពានហាលបណ្ណាល័យ ត្រូវការថ្មភក់ថ្មីចំនួន ៦៥ដុំ ដើម្បីបំពេញបន្ថែម នៅតាមទីតាំងចាំបាច់មួយចំនួនដែលថ្មចាស់ បានបាត់ និងខូចខាត ស្របតាមអនុសាសន៍ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ។
អ្នកជំនាញរូបនេះ បញ្ជាក់បន្ថែមថា ទីតាំងដែលត្រូវជំនួសថ្មថ្មីទាំងនោះ មានសសរស្ពានហាល នៃបណ្ណាល័យ ថ្មកម្រាលស្ពានហាល ថ្មជើងទម្របង្កាន់ដៃនាគ ថ្មបង្កាន់ដៃនាគ ថ្មកម្រាលបណ្ណាល័យ ថ្មសម្រាប់តភ្ជាប់ និងសសរ ថ្មសសរពេជ្រ ថ្មទម្រសសរពេជ្រជាដើម។
មន្ត្រីជំនាញដដែល បន្តថា ដើម្បីអាចដឹកជញ្ជូនថ្មដែលមានទម្ងន់ធ្ងន់ទាំងនោះ ទៅដល់ទីតាំងការដ្ឋានជួសជុលបាន គឺក្រុមការងារ បានខិតខំយកចិត្តទុកដាក់ ត្រូវចំណាយពេលប្រមាណជាង ២ខែ រៀបចំធ្វើរន្ទារឡូរីនៅរួតទី១ និងទី២ ប្រវែងជាង ៦០ម៉ែត្រ ព្រមទាំងដំឡើងកៅឡាក់សម្រាប់លើកថ្មផង ព្រោះការលើកដាក់ថ្ម ពីរួតទី១ ឡើងមករួតទី២ មានកម្ពស់ប្រមាណ ១២ម៉ែត្រ។
ចំណែកថ្មទាំង ៥៦ដុំ ត្រូវយកមកជួសជុល បានដឹកជញ្ជូនតាមរថយន្តមកដាក់នៅច្រកចូលខាងកើតរួតទី១ ដើម្បីឱ្យក្រុមការងារ លើកម្តងមួយដុំៗ តាមបច្ចេកទេស ដែលបានរៀបចំ។
សូមបញ្ចាក់ថា ការងារដឹកជញ្ជូនថ្ម សម្រាប់ជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២ នៃប្រាសាទអង្គរវត្ត ចាប់ផ្ដើមតាំងពីដើមខែតុលា គ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ៕
អត្ថបទៈ លោក យីសុថា
រូបភាពៈ លោក ភោគ ជា/ ក្រុមការងារដឹកជញ្ជូនថ្ម