លោកជំទាវឧកញ៉ា សែម សុភី ឧបត្ថម្ភថវិកា២០០ដុល្លារ ជួយកុមារពីរនាក់ កំពុងខ្វះអាហារបាយទឹកប្រចាំថ្ងៃ
ខេត្តព្រះសីហនុ ៖ លោកជំទាវឧកញ៉ា សែម សុភី បានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ តាមរយៈ លោក សាន់ បូរិទ្ធ នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជូនគ្រួសារក្មួយប្រុស និងក្មួយស្រី ២នាក់ កំពុងជួបការលំបាក ដែលត្រូវឪពុកម្តាយទុកចោល នៅផ្ទះជួលជាច្រើនថ្ងៃ ហើយខ្វះអាហារហូបចុកប្រចាំថ្ងៃ។
គ្រួសារជួបការលំបាកខាងលើ ជួលផ្ទះរស់នៅក្នុងភូមិ ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកជំទាវឧកញ៉ា សែម សុភី មានប្រសាសន៍ថា ដោយមើលឃើញការលំបាកចំពោះមុខ និងមានក្តីអាណិតអាសូរ ទើបនៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ទើបរូបគាត់ បានផ្តល់ថវិកាចំនួន ២០០ដុល្លារអាមេរិក តាមរយៈ លោកពូ សាន់ បូរិទ្ធ នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ យកទៅប្រគល់ជូនគ្រួសារខ្វះខាត ខាងលើនេះ ដោយផ្ទាល់។
លោកជំទាវឧកញ៉ា សែម សុភី បានបន្តថា ជំនួយឧបត្ថម្ភនេះ បានកើតឡើង ក្រោយរូបគាត់ បានឃើញព័ត៌មាន បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ថាមានក្មេងប្រុសស្រី ២នាក់ កំពុងជួបការលំបាកដោយឪពុកម្តាយ បានចុះចោល ឬទុកវោលនៅផ្ទះជួល រយៈពេលប្រមាណ ១ខែកន្លងមកហើយ ដោយមិនឃើញវិលត្រឡប់ មកផ្ទះជួលវិញ ធ្វើឲ្យក្មួយទាំងពីរ ជួបការលំបាកខ្វះបាយទឹក ចំណីអាហារប្រចាំថ្ងៃ។ ត្រង់ចំណុចនេះហើយ ទើបលោកជំទាវ កើតមានក្តីអាណិតអាសូរ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីជួយសម្រួលដល់ ជីវភាពក្មួយៗទាំងនេះ៕