អ្នកនាំពាក្យ PM ថារថយន្តបើកផ្លូវឲ្យអ្នកលក់ឡេ មិនមែនជាកម្មរបស់អាវុធហត្ថទេ
រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា រថយន្ត ដែលជិះបើកផ្លូវឲ្យក្បូនឡានឈ្មួញលក់អនឡាញនោះ មិនមែនជារថយន្ត របស់អាវុធហត្ថទេ។ ហើយថា ពេលនេះ កងកម្លាំងកងរាជអាវុធហត្ថ កំពុង សហការជាមួយក្រសួងការពារជាតិ ដើម្បីតាមរក..។
លោក អេង ហ៊ី អ្នកនាំពាក្យ មានប្រសាសន៍នៅរសៀលថ្ងៃទី១០ ខែមករានេះ ថា “រថយន្តនោះ មិនមែនជារបស់កងរាជអាវុធហត្ថទេ ព្រោះវាជាលេខ ខ.ម ០២។ រីឯ របស់កងរាជអាវុធហត្ថ គឺលេខ ខ.ម ០៩។ ជាជំហានទី១ ដែលយើងឆែកក្នុងបញ្ជីអាវុធហត្ថ គឺអត់មានទេ”។
សូមបញ្ជាក់ថា បន្ទាប់ពីមាន វីដេអូ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញអ្នកលក់អនឡាញម្នាក់ បានចេញទៅចូលរួមមង្គលការ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញ ព្រមទាំងមានរថយន្តពាក់ស្លាក់លេខ ខេមរភូមិន្ទលេខ ២-១៨៧១ បើកផ្លូវឲ្យផងដែរនោះ។ មេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេស គឺនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យអាវុធហត្ថ ធ្វើការជាមួយអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ ចុះស្រាវជ្រាវលេខរថយន្តឃាត់ទុកតែម្ដង ដើម្បីការពារមុខមាត់កងទ័ពជាតិ។
យោងតាមអនុក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ អ្នក ដែលមានសិទ្ធិអនុញ្ញាតឲ្យប្រើប្រាស់ ភ្លើងសញ្ញាពិសេស សំឡេងស៊ីរ៉ែន ហែរអមក្បួន គឺមានតែក្បូនព្រះទីនាំង ព្រះមហាក្សត្រ ព្រះមហាក្សត្រីយ៍ រថយន្ត ប្រធានព្រឹទ្ធសភា រថយន្តប្រធានរដ្ឋសភា និងរថយន្តនាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ ៕