ប្រធានមេធាវីរដ្ឋាភិបាល ព្រមានអ្នកនយោបាយ ដែលចោទថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ភ្ជាប់ករណីឃាតកម្មលើ អតីតតំណាងរាស្ត្របក្សប្រឆាំង អាចប្រឈមបទល្មើសព្រហ្មទណ្ឌ
រាជធានីភ្នំពេញ ៖ ប្រធានក្រុមមេធាវី រាជរដ្ឋាភិបាលកម្ពុជា បានព្រមានក្រុមអ្នកនយោបាយ ដែលធ្វើអត្ថាធិប្បាយចោទ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ភ្ជាប់នឹងករណីឃាតកម្មលើ អតីតតំណាងរាស្ត្របក្សប្រឆាំង ថា អាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។
លោក គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវី រាជរដ្ឋាភិបាល បានដាក់ជាសំណួរ ទៅកាន់ អ្នកនយោបាយមួយចំនួនថា “តើផ្អែកលើមូលដ្ឋានអ្វី ដែលហ៊ានវិនិច្ឆ័យចោទប្រកាន់ និងទម្លាក់ កំហុសមកលើថ្នាក់ដឹកនាំកម្ពុជា ទាក់ទងករណីបាញ់សម្លាប់ លោក លឹម គឹមយ៉ា អតីតតំណាងរាស្រ្តបក្សប្រឆាំង នៅលើទឹកដីថៃ ខណៈដែលសមត្ថកិច្ចកំពុងអនុវត្តនីតិវិធី លើខ្មាន់កាំភ្លើង”។
លោកបញ្ជាក់ថា ករណីចោទប្រកាន់ ឬបរិហារកេរ្តិ៍ជាសាធារណៈ ដោយមួលបង្កាច់នាំឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់អ្នកដទៃ និងញុះញង់បង្កឲ្យមានភាពវឹកវរ ហើយអាចប្រឈម នឹងបទល្មើសព្រហ្មទណ្ឌ។
លោក គី តិច បន្តថា ក្នុងឋានៈជាជនជាតិខ្មែរតែមួយ លោកសូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារនៃសព និងប្រកាសថ្កោលទោសលើខ្មាន់កាំភ្លើង ដែលបានប្រព្រឹត្តអំពើព្រៃផ្សៃបែបនេះ។
ជាមួយគ្នានេះ លោកប្រកាសថ្កោលទោសផងដែរ ចំពោះអ្នកនយោបាយមួយចំនួនតូច ដែលមានចេតនាបង្កប់អំពើទុច្ចរិត ធ្វើការសន្និដ្ឋានបែបអគតិ ចោទប្រកាន់ទម្លាក់កំហុសលើថ្នាក់ដឹកនាំជាតិកម្ពុជា។
លោក គី តិច ព្រមានថា អំពើបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈការថ្លែងមួលបង្កាច់ ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងអំពើញុះញង់ឲ្យមានភាពវឹកវរ បង្កអសន្តិសុខដល់សង្គមជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ចែង និងផ្តន្ទាទោស នៅក្រោមច្បាប់ របស់កម្ពុជា។
ទាក់ទិនករណីនេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា មិនចោទថ្នាក់ដឹកនាំកម្ពុជា រូបណាមួយជាប់ពាក់ព័ន្ធ នឹងឃាតកម្មលើ លោក លឹម គឹមយ៉ា នោះទេ ប៉ុន្តែលោកថារឿងនេះ មិនមែនកើតឡើងដោយសារគំនុំបុគ្គលទេ តែជារឿងនយោបាយ ព្រោះខ្មានកាំភ្លើងជាជនជាតិថៃ និងមានការចង្អុលបង្ហាញដោយជនជាតិខ្មែរ ហើយក្រោយបាញ់សម្លាប់ ឃាតករ បានរត់គេចចូលដីខ្មែរ។
លោក សុវណ្ណារ៉ា ថ្លែងថា៖”អ៊ីចឹងរឿងហ្នឹង ជារឿងហេតុផលនយោបាយជាងគំនុំ។ អ៊ីចឹងយើងចង់ឲ្យទាំងសមត្ថកិច្ចថៃ និងសមត្ថកិច្ចកម្ពុជា យើងសហការគ្នា ដើម្បីរកយុត្តិធម៌ឲ្យអតីតអ្នកតំណាងរាស្ត្រ ដែលត្រូវបានបាញ់សម្លាប់”៕