ហ្វូងឃ្មុំចង្អេរទិចស្លាប់មនុស្សម្នាក់ និងរបួស៣នាក់ នៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីម្នាក់បានស្លាប់ និងមនុស្សប្រុស-ស្រី ចំនួន ៣នាក់ទៀត រងរបួស បណ្តាលមកពីហ្វូងឃ្មុំព្រៃទិច ជាច្រើនទ្រនិច។
ហេតុការនេះកើតឡើង នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ស្រ្តីដែលស្លាប់ ឈ្មោះ អឹម វណ្ណេត អាយុ ៤៩ឆ្នាំ ត្រូវបានហ្វូងឃ្មុំព្រៃទិចជាច្រើនទ្រនិច ខណៈជនរងគ្រោះកំពុងដេកលើអង្រឹង ក្រោមដើមប័រ។ ចំណែកឯ អ្នករងរបួស ជាម្តាយ ឈ្មោះ សីមា និងកូនរបស់គាត់ ។
អ្នកឃើញហេតុការណ៍ ឈ្មោះ ឈាង បូរ៉ា ដែល ត្រូវជាកូនធម៌ របស់សព បានឲ្យដឹងថា គាត់ ឃើញជនរងគ្រោះកំពុងតែលើកដៃបក់ហ្វូងឃ្មុំ ដែលកំពុងទិចគាត់ជាច្រើនមេ នៅក្រោមដើមប័រ មិនដឹងថា ហ្វូងសត្វឃ្មុំនោះ ហើរមកពីណាទេ។ បន្ទាប់មកគាត់យកភួយគ្របពីលើជនរងគ្រោះ រួមជាមួយកាត់ផង តែពេលនោះ ជនរងគ្រោះ ក៏ដួលសន្លប់តែម្តង។ ហើយបន្ទាប់មក ពេលឃើញសត្វឃ្មុំ ហើរចេញអស់ ក៏លើកស្ត្រីរងគ្រោះ ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឲ្យគ្រូពេទ្យ ជួយសង្គ្រោះ ប៉ុនែ្តត្រូវក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា សព ឈ្មោះ អឹម វណ្ណេត ពិតជាបានស្លាប់ដោយសារ ឃ្មុំចង្អេរទិចពិតប្រាកដមែន ព្រោះមានទ្រនិចឃ្មុំចង្អេរ នៅលើដងខ្លួន និងផ្ទៃមុខ របស់គាត់ ចំនួន ៦៧ ទ្រនិច៕ ប្រភព ៖ CNN NEWS