អ្នកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះជីវិតមនុស្ស៦នាក់ លិចទូកកណ្តាលសមុទ្រ

ខេត្តព្រះសីហនុ ៖ មានករណីលិចទូកទឹកទំនិញ ១គ្រឿង នៅលើលម្ហសមុទ្រខេត្តព្រះសីហនុ ម្តុំជិតតំបន់កោះថាស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ភ្លាមៗក្រោយទទួល បានព័ត៌មាននេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ចំនួន ២គ្រឿង ចេញទៅជួយសង្គ្រោះ។ ហើយ មនុស្សចំនួន ៦នាក់ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា ជួយសង្គ្រោះបានដោយសុវត្ថិភាព។

សមត្ថកិច្ច នគរបាល បានឲ្យដឹងថា ទូកដឹកទំនិញ ១គ្រឿងនេះ បានលិចនៅចំណុចប្រហែល ៧០០ម៉ែត្រ ជិតកោះថាស គឺនៅចន្លោះកោះរ៉ុង និងក្រុងព្រះសីហនុ នៅវេលាមុនថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

របាយការណ៍របស់ សមត្ថកិច្ច បានបង្ហាញថា ម្ចាស់ទូកឈ្មោះ ឌី ចាន់ថា ភេទប្រុស អាយុ ៤០ឆ្នាំ និងមនុស្ស ៥នាក់ទៀត បានចេញទូកកន្ទុយវែងដឹកសម្ភារៈ ១គ្រឿង ចេញពីភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា  លុះមកដល់ចំណុចកើតហេតុ ទូកក៏ជ្រាបទឹកតាមបាត និងម៉ូទ័របូមទឹកស្ទះ បូមទឹកមិនទាន់ ហើយមានធ្លាក់ខ្យល់ រលកធំៗ ទើបបណ្តាលឲ្យ លិចទូកតែម្តង។

ជនរងគ្រោះទាំង ០៦នាក់ មានឈ្មោះ៖
១- ឈ្មោះ ឌី ចាន់ថា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ម្ចាស់ទូក)។
២- ឈ្មោះ គា ឆៃយ៉ា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (កូនដៃទូក)។
៣- ឈ្មោះហាន វិទូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤- ឈ្មោះ រស់ ឆៃលី ភេទប្រុស អាយុ ២០ឆ្នាំ បុគ្គលិកកោះសង្សា មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
៥- ឈ្មោះ ស៊ន សុភីន ភេទប្រុស អាយុ ២០ឆ្នាំ បុគ្គលិកកោះសង្សា ទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
៦- ឈ្មោះ ឯ មី ភេទប្រុស អាយុ ២៥ឆ្នាំ បុគ្គលិកកោះសង្សា មានទីលំនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
+ សម្ភារៈបាត់បង់រួមមាន៖
១- ទូកមួយគ្រឿង ពណ៌ត្រួយចេក បណ្តោយប្រវែង ២០ម៉ែត្រ, ទទឹងប្រវែង ៤.២០ម៉ែត្រ
២- ធុងសំរាម ចំនួន ៣៦ធុង
៣- ធុងហ្គាសធំ ចំនួន ៦ធុង
៤- រទេះដឹកសម្ភារៈចំនួន ១គ្រឿង

ក្រោយកើតហេតុ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនចំនួន ២គ្រឿង ដើម្បីជួយសង្គ្រោះ បានទាន់ពេល រួចក៏ដឹកជនរងគ្រោះទាំង ០៦នាក់ មកដល់ដីគោក ក្នុងផែទេសចរណ៍ ខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕

 

អត្ថបទដែលជាប់ទាក់ទង