ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ធីន ស៊ីថាច ជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំថ្មី បន្ទាប់ពីរាជរដ្ឋាភិបាល បានផ្តល់សេចក្តីទុកចិត្ត តែងតាំងជា ប្រធានមន្ទីព័ត៌មានខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ជំនួស លោក ស ស៊ីណា ដែលទទួលមរណៈភាព។
ពិធីនេះ ក៏មានការចូលរួមជា អធិបតីពីសំណាក់ លោក ឡុងធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ផងដែរ។
បន្ទាប់ពីទទួលអនុក្រិត្យ និងត្រា លោក ធិន ស៊ីថាច បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពតាមរដ្ឋធម្មនុញ្ញ ប្តេជ្ញារួមចំណែក ក្នុងការអនុវត្តនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខិតខំគោរព និងអនុវត្តតាមបទបញ្ជា គោលការណ៍ណែនាំចង្អុលបង្ហាញ របស់ថ្នាក់ដឹកនាំក្រសួងនិងរដ្ឋបាលខេត្ត។
ជាងនេះទៀត ក៏ប្តេជ្ញាប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការអនុវត្តការងារ ប្រកបដោយភាពផ្តួចផ្តើម និងច្នៃប្រឌិតស្របតាមបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ ការផ្សព្វផ្សាយជាវិជ្ជមាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែទូលំទូលាយ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាម ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បន្តពង្រឹងវិន័យ និងពង្រីកសាមគ្គីភាព សហប្រតិបត្តិការ ឯកភាពផ្ទៃក្នុង របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានភាពរឹងមាំជាធ្លុងមួយ ដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច របៀបរបបការងារ បែបបទនីតិវិធី សមត្ថកិច្ច និងលក្ខខណ្ឌការងាររបស់មន្ត្រី បុគ្គលិកសំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ ប្តេជ្ញាអនុវត្តតាមតួនាទីភារកិច្ច និងកិច្ចការដទៃទៀត ដែលក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរ ស្ថាប័ន អង្គភាពនានា និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការពង្រីកវិស័យព័ត៌មាន និងសោតទស្សន៍ និងប្រែក្លាយតួនាទី មន្ទីរព័ត៌មាន ឱ្យក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ ។
ជាមួយការប្តេជ្ញាចិត្តនេះ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរ ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរួមសហការគ្នាខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឱ្យកាន់រីកចម្រើនបន្ថែមទៀត។ ក្នុងនោះមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលកន្លងមក បានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់ពី សមត្ថភាពតាមជំនាញនីមួយៗ ក្នុងព្រឹត្តការណ៍ធំៗនានា ព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ។
ជាក់ស្តែងការដោះស្រាយបញ្ហាប្រឈមទាំងអស់ ដើម្បីគ្រប់គ្រងវិស័យព័ត៌មាន និងសោទស្សន៍ក្នុងខេត្តទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបព័ត៌មានផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មាន ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវអនុវត្តភារកិច្ច របស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិ និងការទទួលខុសត្រូវ។
អ្នកសារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង និងជាស្ពានចម្លងព័ត៌មានពី ប្រជាពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញ អំពីហេតុការណ៍ ស្ថានភាពនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។ ដើម្បីឱ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ប្រធានមន្ទីរព័ត៌មានថ្មីត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងមន្ទីរនានាជុំវិញខេត្តឱ្យបានល្អ៕