អ្នកនាំពាក្យ៖ បណ្ណសម្គាល់អ្នកសារព័ត៌មាន ៨ពាន់បណ្ណ ផ្តល់ភាពស្របច្បាប់ និងសុវត្ថិភាព សម្រាប់អនុវត្តន៍ការងារក្នុង ប្រទេសកម្ពុជា កម្ពុជាថ្ងៃនេះ ថ្ងៃទី 19 ខែ មករា ឆ្នាំ 2025 67 ខេត្តកំពត ៖ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឲ្យដឹងថា នៅឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួន ១,៦២០អង្គភាព, សមាគមសារព័ត៌មានចំនួន២៦, អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបជាង ៨០០០នាក់ បាននឹងកំពុងបំពេញការងារ របស់ខ្លួន បានយ៉ាងពេញលេញ និងមានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ លោកបន្រថា នេះជាលទ្ធផល នៃការធ្វើបច្ចុប្បន្នភាព ក្នុងក្របខណ្ឌ នៃការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧ របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំ របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោក ទេព អស្នារិទ្ធ បញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី សិក្ខាសាលាវគ្គបណ្តុះបណ្តាល ស្ដីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ លោក ទេព អស្នារិទ្ធ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា៖ «ឥឡូវយើងអាចផ្ទៀងផ្ទាត់អត្តសញ្ញាណ របស់អ្នកសារព័ត៌មានម្នាក់ៗបាន ដោយគ្រាន់តែស្កែន QR កូដ ដែលមាននៅលើបណ្ណសម្គាល់អ្នកសារព័ត៌មាននោះ ដើម្បីបញ្ជាក់ភាពស្របច្បាប់របស់អ្នកសារព័ត៌មាន»។ លោកបន្តថា៖«នេះជាប្រព័ន្ធការពារ និងធានាសុវត្ថិភាពទាំងសម្រាប់អ្នកសារព័ត៌មានខ្លួនឯង និងសម្រាប់ប្រភពព័ត៌មានដែលអ្នកសារព័ត៌មាននោះបានទាក់ទងដើម្បីសម្ភាសន៍ ឬចុះយកព័ត៌មាន ហើយវាជាការរួមចំណែកក្នុងការធានាសណ្តាប់ល្អក្នុងវិស័យសារព័ត៌មាន និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។ លោក ទេព អស្នារិទ្ធ បន្ថែមថា ក្នុងក្របខណ្ឌ នៃការពង្រឹងការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងព័ត៌មានបានកំណត់ ឱ្យមានការផ្តល់ការបណ្តុះបណ្តាលស្តីពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមុន ដល់អ្នកសារព័ត៌មាន ជាលក្ខខណ្ឌចាំបាច់មួយ មុននឹងទទួលបានបណ្ណសម្គាល់អ្នកសារព័ត៌មានពីក្រសួង ដើម្បីធានាអនុវត្តន៍ការងារដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។ លោកថា ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន បានមើលឃើញលំហសេរីភាពសារព័ត៌មាន នៅកម្ពុជា មានភាពរីកចម្រើនធំធាត់ និងបានទទួលស្គាល់ថា ក្នុងឆ្នាំ២០២៤ សណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន មានភាពប្រសើរឡើង។ ដោយឡែក អ្នកសារព័ត៌មាន តួអង្គរដ្ឋ និងឯកជន បានវាយតម្លៃស្ថានភាព នៃវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា ក្នុងឆ្នាំ២០២៤ ថាមានភាពល្អប្រសើរ ដោយវិស័យនេះ កំពុងបោះជំហានទៅមុខជាវិជ្ជមានស្របនឹងការរីកចម្រើន ក្នុងសង្គម។ បន្ថែមលើនេះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានផ្តល់អនុសាសន៍ដល់ មន្ទីរព័ត៌មាន តាមរាជធានី-ខេត្តទាំងអស់ ឱ្យដាក់បញ្ចូលជំនួប រវាងមន្ទីរជាមួយអ្នកសារព័ត៌មានពីក្នុងមូលដ្ឋាន របស់ខ្លួន ជាសកម្មភាពមួយ ក្នុងផែនការការងាររបស់មន្ទីរ ដើម្បីផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងប្រើប្រាស់ជាច្រកផ្តល់ព័ត៌មាន ជូនអ្នកសារព័ត៌មានអំពី ប្រធានបទ និងព្រឹត្តិការណ៍សំខាន់ៗ ដែលនឹងកើតឡើងក្នុងមូលដ្ឋានរាជធានី-ខេត្ត របស់ខ្លួន។ ហើយថា កិច្ចការនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការពង្រឹងបន្ថែម នូវទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន សម្រាប់មន្ទីរព័ត៌មាន ក្នុងនាមជាសេនាធិការ របស់រដ្ឋបាលរាជធានី-ខេត្ត។ ហើយវា ក៏ជាមធ្យោបាយមួយរួមចំណែកធានាលំហូព័ត៌មាន ជាប្រចាំ ក្នុងចំណោមប្រតិបត្តិករវិស័យសារព័ត៌មាន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អ រវាងអ្នកសារព័ត៌មាន ជាមួយប្រភពព័ត៌មានរាប់បញ្ចូលទាំង រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរ និងអង្គភាពជំនាញ។ លោកក៏បាន អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមលើកកម្ពស់គុណតម្លៃ និងរក្សាភាពថ្លៃថ្នូរក្នុងអាជីពសារព័ត៌មាន ដោយត្រូវអនុវត្តការងារ ដោយគោរពសិទ្ធិ តួនាទី និងករណីយកិច្ច របស់ខ្លួនជាអ្នកសារព័ត៌មាន ឱ្យបានខ្ជាប់ខ្ជួន ហើយដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ដើម្បីបន្តធានាសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការងារ៕ 67 ចែករំលែក