PM ខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ៥នាក់ ទៅកាន់តុលាការផ្ដន្ទាទោស
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មន្រ្តីនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមទាំងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធការប្រើប្រាស់ ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ ប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ដោយ អាជ្ញាធរសាធារណៈ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្ត ដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា កំហែងយក និងកាន់កាប់ រក្សាទុកអាវុធដោយគ្មានការអនុញ្ញាត ក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែមករា ឆ្នាំ២០២៥។
កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ និង លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងស្វែងរកមុខសញ្ញាជនសង្ស័យ ដែលជនរងគ្រោះ បានប្តឹង និងចង្អុលបង្ហាញ រូបភាពចេញពីកាមេរ៉ាក្នុងរថយន្ត ពាក់ព័ន្ធករណី ប្រើប្រាស់ឯកសណ្ឋានក្លែង ឯកសណ្ឋានកងរាជអាវុធហត្ថ និងកំហែងយក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះស្រាវជ្រាវ ស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ច ពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន ៥នាក់ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ ២៦ឆ្នាំ
២- ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ
៣- ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ ៣០ឆ្នាំ
៤- ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ
៥- ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ ១៦ឆ្នាំ
ចំណែកវត្ថុតាង ចាប់យករួមមាន៖ រថយន្តចំនួន ១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-8746
ទូរសព្ទដៃចំនួន ៤គ្រឿង លោហធាតុពណ៌ទង់ដែង (ខ្សែក) ចំនួន ១ខ្សែ លោហធាតុពណ៌ទង់ដែង ចិញ្ចៀនចំនួន ២វង់
ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញចំនួន១ឈុត មាន៣គ្រឿង
វិញ្ញាបនបត្របញ្ជាក់ការងារបញ្ចប់ដោយជោគជ័យ សិក្ខាសាលាផ្ទាល់តំបន់ (ក្លែងក្លាយ) ចំនួន ១សន្លឹក នាឡិកាដៃចំនួន ១គ្រឿង
និងសោម៉ូតូចំនួន១។
ដោយឡែក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៤០នាទី នៅចំណុចភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមទៀត ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូចំនួន ១គ្រឿង ម៉ាក Honda dream C125 ពណ៌ស ពាក់ផ្លាកលេខ
បាត់ដំបង 1AI-5814។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន ៤នាក់ទៅ ៥នាក់ បានចាប់ឆែកឆេររថយន្តនិងបានចោទ ជនរងគ្រោះដឹក របស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន ៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះ ក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន ៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។
សមត្ថកិច្ច បញ្ជាក់ថា ក្រុមជនសង្ស័យខាងលើនេះ ក៏បានធ្វើសកម្មភាពគំរាមយកប្រាក់ពី ជនរងគ្រោះ មានដូចជា៖ ជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ ១០.០០០ដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញ បានសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីរួចហើយ៕