ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្លែងបន្លំជាបុគ្គលិក ស្ថាប័នអគ្គិសនីកម្ពុជា លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពី គណនីធនាគាររបស់ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានចុះស្រាវជ្រាវ និងបង្រ្កាបបទល្មើស ក្លែងបន្លំជាបុគ្គលិក ស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពី គណនីធនាគាររបស់ជនរងគ្រោះ ចំនួន ២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លា និង២លានរៀល។
ការឃាត់ខ្លួននេះ មានការសម្របសម្រួលពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ស.ផ.ន ភេទស្រី ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល ជាអ្នកផ្ដល់ទីកន្លែង និងមធ្យោបាយគណនីធនាគារ របស់ខ្លួន ឱ្យបក្ខពួក ធ្វើសកម្មភាពបានសម្រេចផល។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ត្រង់ចំណុចនេះ មន្រ្តីនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ ឱ្យមានការប្រយ័ត្នពីជន ឬក្រុម ដែលមិនស្គាល់អត្តសញ្ញាណ បន្លំជាស្ថាប័នផ្សេងៗ ដើម្បីបោកបញ្ឆោត ឱ្យផ្តល់ពត៌មានផ្ទាល់ខ្លួន ដែលឈានទៅដល់ការគ្រប់គ្រង គណនីធនាគារ និងផ្ទេរប្រាក់ចេញ ដោយមិនដឹងខ្លួន និងសូមកុំឱ្យ អ្នកដទៃ ប្រើប្រាស់ ឬខ្ចីគណនីធនាគារផ្ទាល់ខ្លួន ដើម្បីធ្វើសកម្មភាព និងទទួលប្រាក់ ដែលមិនមានប្រភពច្បាស់លាស់ចូល ហើយស្នើសុំដកជាសាច់ប្រាក់សុទ្ធ វាគឺជាការប្រព្រឹត្តិបទល្មើស និងទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕