សមត្ថកិច្ច បង្ក្រាបករណីចាប់ស្ត្រីរងគ្រោះ ញាត់ចូលវ៉ាលី ជំរិតទារប្រាក់បង្កដោយ ជនជាតិចិនមួយក្រុម

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន ០១ក្រុម ជាជនជាតិចិន។

ក្រោយកើតមានហេតុការណ៍នេះ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញ បានជួយសង្គ្រោះជនរងគ្រោះម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិចិន។

យុទ្ធនាការនេះ កម្លាំងជំនាញ ក៏បានចាប់ខ្លួន ក្រុមជនសង្ស័យចំនួន ២នាក់ រួមមាន៖

១- ឈ្មោះ JIAO YOUKE អាយុ ២៧ឆ្នាំ ជនជាតិចិន

២- ឈ្មោះ ZHENG NAIWEN អាយុ ៣៧ឆ្នាំ ជនជាតិចិន

ការចាប់ខ្លួននេះ ធ្វើឡើងនៅចំណុចបុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយសាកសួរ ជនសង្ស័យ បានឆ្លើតប្រាប់សមត្ថកិច្ចថា បក្ខពួកខ្លួនដែលចូលរួមធ្វើសកម្មភាព មានគ្នា ចំនួន ៣នាក់ ដោយបានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិន និងវៀតណាម ដាក់ចូលទីក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ចំនួន ៦ករណី មកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

ផ្តើមពីបញ្ហានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានក្រើនរំលឹក និងអំពាវនាវដល់បណ្ដា ផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់ សមត្ថកិច្ចជាបន្ទាន់ ដើម្បីត្រួតពិមិត្យ និងឈានទៅមានវិធានការ ឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង