ពិធីចាប់ត្រីតាមប្រពៃណី នៅបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ពិធីចាប់ត្រីតាមប្រពៃណី នៅបឹងត្រពាំងក្រម និងចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករ នៅបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។
ពិធីចាប់ត្រីនេះ គឺតាមប្រពៃណីបុរាណ ដើម្បីរក្សាប្រពៃណីំនៀមទំលាប់ និងដើម្បីបង្កើតភាព សប្បាយរីករាយដល់បងប្អូន ប្រជាពលរដ្ឋ មកពីជិតឆ្ងាយគ្រប់ទិសទី ទាំងជាតិ និងអន្តរជាតិ ។
តាមសេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកមេមត់ ពិធីនេះ និងចាប់ផ្តើមជួបជុំគ្នា នៅក្នុងបរិវេណបឹងត្រពាំងក្រម វេលាម៉ោង ៧:៣០នាទី ក្នុងនោះឧបករណ៍ សម្រាប់ចាប់ត្រី ត្រូវមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។ល។
ការរៀបចំពិធី ចុះចាប់ត្រីតាមបែបបុរាណនេះដែរ គឺនឹងធ្វើឡើងក្រោមអធិបតីភាព លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងភរិយា។
ដើម្បីរក្សាសន្តិសុខសណ្តាបធ្នាប់ឲ្យបានល្អ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំង និងណែនាំ ដល់មន្ត្រីនគរបាល ដែលប្រចាំការតាមគោលដៅ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវយកចិត្តទុកដាក់ លើតួនាទីភារកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូដែលលរួមកម្សាន្ត ក្នុងព្រឹត្តិការណ៍ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ស្ថិតភូមិសាស្ត្រភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឲ្យបានល្អ។ ជាមួយគ្នានេះ លោកក៏បានដាក់ចេញនូវបទបញ្ជា ដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវតាមគោលដៅរៀងៗខ្លួន និងយកចិត្តទុកដាក់លើតួនាទីភារកិច្ចឲ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានេះ កម្លាំងនគរបាល ត្រូវត្រៀមបង្ការ បង្រ្កាប និងទប់ស្កាត់រាលសកម្មភាពក្មេងទំនើង និងការបង្កភាពចលាចលផ្សេងៗ ដែលនឹងអាចកើតមានឡើងយថាហេតុឲ្យបានទាន់ពេលវេលា៕