អណ្តូងទឹកបំពាក់សូឡា១២ បានឃួងជូនប្រជាពលរដ្ឋនៅឃុំកក់ ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំផ្សេងៗ

ខេត្តត្បូងឃ្មុំ ៖ ដើម្បីជួយសង្គ្រោះដំណាំប្រជាពលរដ្ឋ ពិសេសដំណាំស្រូវ រដ្ឋបានខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ប៉ែន កុសល្យ បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ចុះជាប់ជាប្រចាំជាមួយ ប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីប្រមូលយកព័ត៌មាន និងតម្រូវការចាំបាច់ មកដោះស្រាយ ក្នុងនោះបញ្ហាកង្វះទឹកស្រោចស្រប ដំណាំស្រូវប្រាំងកំពុងក្លាយជា ប្រធានបទដែលត្រូវដោះស្រាយជាបន្ទាន់ ។

ជាក់ស្តែង កាលពីនៅសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោក ម៉ុន មាគ៌ា សមាជិកក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត បានចុះពិនិត្យផ្ទាល់ដំណើរការខួងអណ្តូងចំនួន ១២កន្លែង និងបំពាក់ប្រព័ន្ធសូឡាសម្រាប់បូមទឹក ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក រួមមាន ៖ ភូមិត្រពាំងស្ទៀង ចំនួន៣អណ្ដូង ភូមិបុសទី ចំនួន ៣អណ្ដូង និងភូមិភូមិពន្លៃ អណ្ដូងធំ២ និងបំពាក់ប្រព័ន្ធសូឡា និងអណ្ដូងតូចចំនួន៤ ដើម្បីបូមទឹកជួយអន្តរាគមន៍ស្រោចស្រពសង្គ្រោះស្រូវប្រាំងប្រមាណជាង ៣០០ហិកតា។

លោក ប៊ុន ផល្លី មេឃុំកក់ លើកឡើងថា រដូវប្រាំងឆ្នាំ២០២៥នេះ ប្រជាកសិករនៅក្នុងឃុំកក់ បានសម្រុកធ្វើស្រូវស្រាលលើផ្ទៃដីប្រមាណជាង ៣០០ហិកតា កើនលើសឆ្នាំមុនៗ ពាក់កណ្តាល បណ្តាលឲ្យប្រឈម ការខ្វះទឹកស្រោចស្រពលើផ្ទៃដីប្រមាណ២០០ហិកតា។ ជារៀងរាល់ឆ្នាំ ការធ្វើស្រូវស្រាលរដូវប្រាំង ប្រើប្រភពទឹកពីប្រឡាយ ដែលតភ្ជាប់ពីអាងទឹកបាក់អាយ មកកាន់ភូមិបុសទី និងទឹកស្រះ បៀរ ដែលបានជីកតាមក្បាលស្រែ និងការបុកអណ្តូង របស់កសិករមួយចំនួន។

លោកថា សម្រាប់ឆ្នាំនេះដោយប្រជាលរដ្ឋបានដាំដុះស្រូវប្រាំងច្រើនទើបធ្វើឲ្យប្រភពទឹកទាំងនោះ មិនអាច គ្រប់គ្រាន់ ហើយម្យ៉ាងឆ្នាំនេះមិនមានភ្លៀងកក់ខែថែមទៀត ទើបធ្វើឲ្យមិនមានទឹកគ្រប់គ្រាន់សម្រាបស្រោចស្រប ដែលចាំបាច់ត្រូវបុកអណ្តូងបន្ថែមទៀត ។

តាមរយៈសម្តេចពញាចក្រី ហេង សំរិន គិតត្រឹមថ្ងៃទី៣០ ខែមករានេះ មានសប្បុរសជននានា ដែលជួយអណ្តូងទឹក បានចំនួន ១២អណ្តូង ក្នុងនោះ ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ប៉ែន កុសល្យ មានសប្បុរសជនបានជួយបុកអណ្តូងទឹក បំពាក់សូឡា ចំនួន ១២ អណ្តូង ហើយ ។

ជាមួយការជួយសង្គ្រោះដំណាំស្រូវ តាមរយៈការបុកះណ្តូងទឹកនេះ ប្រជាកសិករ ក្នុងឃុំកក់ បានសម្តែងក្តីរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណ លោក លោកស្រី ជាសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ និងជួយដោះស្រាយការលំបាក ដែលពួកគាត់ កំពុងប្រឈមការលំបាក ពិសេសប្រឈមការខូចខាតស្រូវប្រាំងឆ្នាំនេះ៕

អត្ថបទដែលជាប់ទាក់ទង