កិច្ចប្រជុំរវាងពលរដ្ឋមានវិវាទដីធ្លី ជាមួយអាជ្ញាធរឃុំត្រពាងស្តៅ ករណីស្មៀនឃុំជំទាស់ មិនឱ្យស្ថាប័នជំនាញចេញប្លង់

ខេត្តស្វាយរៀង ៖ អាជ្ញាធរឃុំត្រពាំងស្តៅ និងប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី រស់នៅមូលដ្ឋាន ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់វិវាទដីធ្លី និងស្នើឱ្យស្ថាប័នជំនាញចេញប្លង់កម្មសិទ្ធិជូនពួកគាត់ ឱ្យបានឆាប់..។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក កុល ហ៊ុន មេត្រពាំងស្តៅ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលាឃុំត្រពាំងស្តៅ។

កិច្ចប្រជុំនៅថ្ងៃនេះ គេសង្កេតឃើញមាន ប្រជាពលរដ្ឋជាច្រើននាក់ បានមកចូលរួមគាំទ្រ គ្រួសារលោក ព្រុំ ប៊ុនថន នៅខាងមុខសាលាឃុំត្រពាំងស្តៅ ដើម្បីធ្វើជាសាក្សី និងស្នើឱ្យ អាជ្ញាធរឃុំត្រពាំងស្តៅ ប្រគល់ដី ជូនគ្រួសារ លោក ព្រុំ ប៊ុនថន វិញ និងបញ្ឈប់ការចិញ្ចឹមចិត្តរំលោភបំពានដី របស់គាត់ ជាបន្តទៀត នាថ្ងៃខាងមុខ។

កិច្ចប្រជុំនេះ ក៏ឃើញមានក្រុមអ្នកកាសែត មកពីអង្គភាពមួយចំនួន  បានចុះទៅយកព័ត៌មាន និងឃ្លាំមើលផងដែរ ប៉ុន្តែអាជ្ញាធរឃុំ មិនបានអនុញ្ញតឱ្យចូលស្តាប់ ក្នុងកិច្ចប្រជុំនោះទេ ដោយពួកគេ ឈររង់ចាំនៅខាងក្រៅសាលាឃុំ។

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA) លោក ព្រុំ ប៊ុនថន បានឱ្យអ្នកសារព័ត៌មាន ដឹងក្រោយបញ្ចប់កិច្ចប្រជុំថា នៅក្នុងកិច្ចប្រជុំនោះ អាជ្ញាធរឃុំត្រពាំងស្តៅ មិនបានបង្ហាញឯកសារពាក់ព័ន្ធទំនាស់ដីធ្លី របស់លោកទេ ក្រៅតែពីនិយាយតាមអារម្មណ៍របស់ខ្លួន ហើយគ្មានមូលដ្ឋានច្បាស់លាស់ ។ ហើយ លោក កុល ហ៊ុន មេឃុំត្រពាំងស្តៅ ក៏មិនបានបញ្ជាក់ថា វិវាទដីធ្លីនេះ នឹងត្រូវដោះស្រាយដោយវិធីណា ឬដោះស្រាយបញ្ចប់នៅពេលណានោះទេ?  ខណ: ឯកសារ​ពាក់ព័ន្ធ និងការស្នើសុំធ្វើប្លង់ដី របស់គ្រួសារលោក ក៏បានបំពេញនីតិវិធី រួចរាល់អស់ហើយ ប៉ុន្តែចុងក្រោយបែរជា មានការខ្ទាស់នីតិវិធីដោយ បុគ្គលស្មៀនឃុំត្រពាំងស្តៅ ឈ្មោះ នង ម៉ូវ បានដាក់សំណើរទៅ មន្រ្តីជំនាញសូរិយោដី មិនឱ្យចេញប្លង់កម្មសិទ្ធិជូនគ្រួសារគាត់ ទៅវិញ។

ទាក់ទិនបញ្ហា គ្រួសារលោក ព្រំ ប៊ុនថន ក៏បានសំណូមពរដល់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះស៊ើបអង្កេត ទៅលើសកម្មភាពអនុវត្តការងារ របស់ស្មៀនឃុំត្រពាំងស្ដៅ ឈ្មោះ នង ម៉ូវ ទាក់ទិនបទរំលោភអំណាច និងវាទទីយកដីធ្លី របស់ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ឱ្យបានឆាប់ ដោយអនុគ្រោះផង។

ចំពោះវិវាទនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំត្រពាំងស្តៅ ក៏បានចូលរួមធ្វើជាសាក្សី គាំទ្រ លោក ព្រុំ ប៊ុនថន ថាពិតម្ចាស់ដីស្របច្បាប់ ចាប់តាំងពីមុនឆ្នាំ១៩៧៩ មកម្លេះ។ ហើយពលរដ្ឋ ទាំងនោះ ក៏ថែមទាំងបានផ្តិតស្នាមមេដៃគាំទ្រឱ្យ លោក ព្រុំ ប៊ុនថន ធ្វើលុខិតដាក់ជូនទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំអន្តរាគមន៍ បើកការស៊ើបអង្កេត សកម្មភាពការងារ របស់ស្មៀនឃុំត្រពាំងស្តៅ ថាតើបានអនុវត្តតួនាទី ត្រឹមត្រូវកំរិតណា ពាក់ព័ន្ធវិវាទដីធ្លីខាងលើនេះ។

លោក ព្រុំ ប៊ុនថន បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥  អាជ្ញាធរភូមិ-ឃុំ បានស៊ីញ៉េ បោះត្រាអនុញ្ញាត និងទទួលស្គាល់ដីលំនៅដ្ឋាន មានទីតាំងស្ថិតនៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ដស្វាយរៀង ថាពិតជាដីកម្មសិទ្ធិ របស់លោកពិតប្រាកដមែន ហើយបានឱ្យរូបលោករៀបចំនីតិវិធី ធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ថែមទៀតផង។

យ៉ាងណា លោកថា រយៈពេល ១សប្តាហ៍ក្រោយមក ស្មៀនឃុំត្រពាំងស្ដៅគឺ លោក នង ម៉ូវ បានទៅហាមឃាត់ មន្រ្តីសូរិយោដី មិនឱ្យធ្វើប្លង់ ឬបញ្ជួនឯកសារ ទៅថ្នាក់លើដោយសំអាងថា ដីនោះជាកម្មសិទ្ធិ របស់ឃុំ ហើយប្រើឈ្មោះ ស្ថាប័នសាលាស្រុករមាសហែក អ្នកបញ្ជាឱ្យមកហាមឃាត់ទៅវិញ។

ត្រង់ចំណុចនេះ លោក ព្រុំ ប៊ុនថន  ចាត់ទុកថា ជាទង្វើប្រព្រឹត្តដោយ បុគ្គលឈ្មោះ នង ម៉ូវ ស្មៀនឃុំត្រពាំងស្ដៅតែម្តង។ ហើយ ករណីវិវាទដីធ្លីនេះ ក៏មានប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀត បានរងគ្រោះដូចរូបលោកដែរ ។ ប៉ុនែ្តគ្រាន់តែ ប្រជាពលរដ្ឋទាំងនោះ មិនហ៊ានចេញមុខប្រឆាំងតវ៉ាជាមួយ ស្មៀនឃុំរូបនេះ ដោយសារតែ លោក នង ម៉ូវ មានឥទ្ធិពលខ្លាំង នៅក្នុងសាលាឃុំត្រពាំងស្ដៅនេះ។

ប្រធានសមាគមរូបនេះ បន្តថា លោកនឹងបង្ហាញឯកសារ ឬភស្តុតាងបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាដីធ្លី របស់លោក នាថ្ងៃខាងមុខ។

ទន្ទឹមគ្នានេះ លោកក៏ស្នើសុំឱ្យ រដ្ឋបាលខេត្តស្វាយរៀង ពិចារណាបើកការស៊ើបអង្កេត ដោយតម្លាភាព និងជៀសវាង ការចេញសេចក្តីប្រកាសការពារ មន្រ្តីខិលខូច ដែលធ្វើឱ្យប៉ះពាល់មុខមាត់ខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នេះ។

ទោះជាបែបនេះក្តី “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្ដៅ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ ខាងលើនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ខណៈលោក កុល ហ៊ុន មេឃុំត្រពាំងស្តៅ ក៏មិនទាន់អាចសុំការបំភ្លឺ បាននៅឡើយដែរ៕

          

អត្ថបទដែលជាប់ទាក់ទង