ស្លាប់៣នាក់ ដោយករណីគ្រោះថ្នាក់ចរាចេណ៍ តាមផ្លូវជាតិលេខ៤ ចំណោតយាយម៉ៅពេជ្រនិល
ខេត្តកំង់ស្ពឺ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹង ត៌មានបឋមថា មនុស្ស ៣នាក់ បានស្លាប់បន្ទាប់ពីថយន្តធុនធំ ២ គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង នៅចំណុចចំណោតយ៉ាយម៉ៅ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៥ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ ១០៣-១០៤។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ឃើញរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ ៤៨ឆ្នាំ(ស្លាប់) រស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានទៅបុក រថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ ២៦ឆ្នាំ(ស្លាប់) រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង អ្នករួមដំណើរម្នាក់ឈ្មោះ ថុល ចាន់ធា មិនដឹងអាយុ (ស្លាប់) រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្ដាលក្នុងទិសដៅបញ្ច្រាសទិសគ្នា បានបុកពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ ប្រុស (ឈ្មោះ រ៉ុង ធួក, ថុល ចាន់ធា, ឃីម ស៊ាងហន់ ) នៅនឹងកន្លែងកើតហេតុ។
ភ្លាមៗក្រោយកើតហេតុ មន្រ្តីជំនាញបានគាស់យកសព ជនរងគ្រោះទាំង ៣នាក់ ដែលជាប់នៅក្នុងរថយន្ត ប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងទាំង ២គ្រឿង ត្រូវសមត្ថកិច្ច ស្ទូចយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕