លោក សៅ សុខា បញ្ជាឱ្យស្រាវជ្រាវករណី មន្ត្រី PM ប្រើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស

រាជធានីភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមនីតិវិធី ទាំងអង្គហេតុ និងអង្គច្បាប់ ទាក់ទងករណីយោធិន នៃកងរាជអាវុធហត្ថ មួយរូប ដែលបានប្រើអំពើហិង្សាទៅលើព្រះសង្ឃ នៅវត្តសំបួរមាស។

នេះបើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឱ្យប្រព័ន្ធផ្សព្វផ្សាយដឹង នៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

 

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានឱ្យដឹងថា អំពីយោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស រូបនោះ មានឈ្មោះ សយ ច័ន្ទសាក់ដារ៉ា ឋានន្តរសក្តិ ពលបាលឯក ចូលបម្រើទ័ព ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្តាលជំនាន់ទី៤៦ ជានាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោក ក៏បង្ហាញការសោកស្តាយ និងសូមទោសជាសាធារណៈ ចំពោះទង្វើរបស់យោធិនខាងលើនេះ។

លោកបញ្ជាក់ថា ចំពោះករណីហិង្សានេះ លោក លី សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាឱ្យ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតតាមនីតិវិធី ទាំងអង្គហេតុ និងអង្គច្បាប់ ចំពោះករណីនេះ។ ហើយថា ករណីនេះ កងរាជអាវុធហត្ថ រង់ចាំទទួលយក នូវព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ ពីគ្រប់មជ្ឈដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង