មន្ត្រីស្នើឱ្យលោក ឱម យ៉ិនទៀង បញ្ជូនមន្ត្រីចុះស៊ើបអង្កេតរឿងអាស្រូវ របស់លោក អ៊ំ សុវណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី លើការអនុវត្តគម្រោងថែទាំ និងជួលជុលប្រព័ន្ធធារាសាស្ត្រ

ខេត្តរតនគិរី ៖ មន្ត្រីរាជការមួយចំនួន បម្រើការការងារ នៅខេត្តរតនគិរី បានសំណូមពរដល់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ , ក្រសួងអធិការកិច្ច ក្រសួងសេដ្ឋកិច្ច និងក្រសួងធនធានទឹកជាដើម ជួយបញ្ជូនមន្ត្រីស្អាតស្អំ ចុះស៊ើបអង្គេត និងស្រាវជ្រាវ ចំពោះការអនុវត្តគម្រោងថែទាំ និងជួសជុលប្រព័ន្ធធារាសាស្ត្រ របស់លោក អ៊ំ សុវណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី ក្នុងការងារចាយវាយថវិកាចំនួន ៥៤១លានរៀល លើការអនុវត្តគម្រោងឆ្នាំ២០២៤ ចំនួន ៥កន្លែង ដែលមានភាពមិនប្រក្រតី។ ខណៈកាលពីឆ្នាំ២០២១ លោក អ៊ំ សុវណ្ណា ក៏ធ្លាប់ផ្ទុះរឿងអាស្រូវ ពុករលួយពីការអនុវត្តគម្រោងថែទាំ  និងជួសជុលប្រព័ន្ធធារាសាស្ត្រដូចគ្នានេះ ម្ដងរួចមកហើយ។

ប្រភពព័ត៌មានពី មន្ត្រីបម្រើការងារ នៅខេត្តរតនគិរី បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រទាំង ៥កន្លែង ដែល លោក អ៊ំ សុវណ្ណា ប្រធានមន្ទីរធនធានទឹក ខេត្តរតនគិរី អនុវត្តគម្រោង ដែលមានភាពមិនប្រក្រតី រួមមាន៖

ទី១- ប្រព័ន្ធធារាសាស្ត្រល្បាំង១ ឃុំល្បាំង១ ស្រុកលំផាត់

ទី២- ប្រព័ន្ធធារាសាស្ត្រល្បាំង២ ឃុំល្បាំង២ ស្រុកលំផាត់

ទី៣- ប្រព័ន្ធធារាសាស្ត្រអូរ

ពូល ឃុំសោមធំ ស្រុកអូរយ៉ាដាវ

ទី៤- ប្រព័ន្ធធារាសាស្ត្រអូរតាំង ឃុំភ្នំកុក ស្រុកវ៉ីនសៃ

ទី៥- ប្រព័ន្ធធារាសាស្ត្រ ត្រពាំងច្រេស ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពបន្តថា​ ប្រព័ន្ធធារាសាស្ត្រទាំង ៥កន្លែងខាងលើនេះ កាលពីឆ្នាំកន្លងទៅ ក៏ទទួលបានថវិកាថែទាំ និងជួសជុលដូចគ្នាឆ្នាំ២០២៤ដែរ។ ក៏ប៉ុន្តែចំនួនទឹកប្រាក់សម្រាប់ការថែទាំ និងជួសជុលមានចំនួនខុសគ្នាប្រមាណ ២០លានរៀល ទៅ ៣០លានរៀលតែប៉ុណ្ណោះ។

ប្រភពដដែលបញ្ជាក់ថា គម្រោងថវិកាតាមរយៈលទ្ធកម្មចរចាថ្លៃ របស់លោក អ៊ំ សុវណ្ណា គឺនៅពេលទូទាត់ថវិកា ឬលុយកាក់ម្ដងៗ ត្រូវគេដាក់ប្រាក់នោះ ចូលទៅក្នុងកុងធនាគារ លោក អ៊ំ វណ្ណា ប្រធានមន្ទីរធនធានទឹក ខេត្តរតនគិរី ដោយផ្ទាល់ ហើយ ចំពោះរាល់ការចំណាយលើការងារថែទាំ និងជួសជុល ប្រព័ន្ធធារាសាស្ត្រទាំងអស់នោះ គឺទទួលបានផ្លែផ្កាតិចតួចបំផុត ពោលគឺហាក់មិនសមទៅនឹងការចំថវិកាជាតិ អស់រាប់រយលានរៀលនោះទេ។

ទោះជាបែបនេះក្តី មិនទាន់អាចទាក់ទង លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ជាពិសេស មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសួរនាំជុំវិញភាពមិនប្រក្រតី ខាងលើបានទេ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ខណៈគេហទំព័រ “កម្ពុជាថ្ងៃនេះ” ក៏នៅមិនទាន់អាចស្នើការបំភ្លឺពី លោក អ៊ំ សុវណ្ណា ប្រធានមន្ទីរធនធានទឹក ខេត្តរតនគិរី ចំពោះការអនុវត្តកញ្ចប់ថវិកា លើគម្រោងថែទាំ និងជួសជុល ប្រព័ន្ធធារាសាស្ត្រ ក្រោមការគ្រប់គ្រង របស់​លោក ដែលរងការចោទប្រកាន់បាននៅឡើយទេ តាមទូរស័ព្ទ និងតាមបណ្តាញសង្គម WhatsApp និង Telegram នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

គួររំលឹកថា កាលពីឆ្នាំ២០២១ លោក អ៊ំ សុវណ្ណា ប្រធានមន្ទីរធនធានទឹក ខេត្តរតនគិរី ក៏ធ្លាប់ត្រូវបានមន្ត្រីអធិការកិច្ចក្រសួងសេដ្ឋកិច្ច

និងហិញ្ញវត្ថុ និង ក្រសួងធនធានទឹក ចុះស៊ើបអង្គេត ស្តីពីភាពមិនប្រក្រតី នៃការប្រើប្រាស់កញ្ចប់ថវិកា របស់ក្រសួង ដែលមានភាពមិនប្រក្រតី ចាយលុយជាតិ អស់រាប់រយលានរៀល លើគម្រោងអនុវត្តជួសជុលថែទាំ និងជួសជុល ប្រព័ន្ធធារាសាស្ត្រ ខេត្តរតនគិរី ដែលការអភិវឌ្ឍន៍ជាក់ស្តែង ហាក់ពុំសូវឃើញមានលទ្ធផលអ្វី ជាដុំកំភួននោះទេ៕

អត្ថបទដែលជាប់ទាក់ទង