តុលាការខេត្តត្បូងឃ្មុំ សម្រេចដោះលែងបុរសខ្មែរឥស្លាម២នាក់ ឲ្យនៅក្រៅឃុំ ពាក់ព័ន្ធផលិតកាំបិតលក់
ខេត្តត្បូងឃ្មុំ ៖ តំណាងអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ បានសម្រេចដោះលែងខ្មែរឥស្លាម ២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពី កម្លាំងនគរបាលខេត្តនេះ បានឃាត់ខ្លួន ពាក់ព័ន្ធការផលិត ឬធ្វើកាំបិតលក់ចែកចាយ ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តជំនាន់។
ខ្មែរឥស្លាមទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ បានអះអាងថា ការសម្រេចដោះលែងបុរសទាំង ២នាក់ របស់តំណាងអយ្យ ឲ្យនៅក្រៅឃុំក្រោមហេតុផលចំនួន ៤ចំណុច បន្ទាប់ពីឆ្លងការសួរនាំយ៉ាងយកចិត្តទុកដាក់។
ហេតុផលទាំង ៤ចំណុច ដែលសម្រេចឲ្យ តំណាងអយ្យការដោះលែងនោះ រួមមាន៖
ទី១- ការផលិតរបស់ពួកគាត់ ដើម្បីលក់ដូរជាលក្ខណៈគ្រួសារបន្ដជំនាន់មកហើយ។
ទី២- មិនទាន់មានព្យសនកម្មណាមួយកើតឡើង ដោយសារការលក់ដូរ របស់ពួកគាត់។
ទី៣- ធ្វើកិច្ចសន្យាអប់រំណែនាំ កុំឲ្យផលិតអាវុធបែបប្រហារ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់។
ទី៤- បន្ដនីតិវិធីស្រាវជ្រាវ។
សូមជម្រាបថា បុរសទាំង ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សា សូទី អាយុ ៣៨ឆ្នាំ (មេជាង) និងឈ្មោះ អិន ប្រុសទូច អាយុ ២៥ឆ្នាំ (កូនជាង)។
ចំពោះវត្ថុតាង ដែល សមត្ថកិច្ច ដកហូតបាន មាមដូចជា៖ កាំបិតបុ័ងតោ ចំនួន ៣ដើម, កាំបិតស្នៀត ចំនួន ៧ដើម, ដាវវែងចំនួន ៣ដើម, ដាវខ្លីចំនួន ៦ដើម, ពូថៅចំនួន ២ដើម, កាំបិតផ្គាក់ដងវែងចំនួន ៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន ១ដើម, កាំបិតខ្វែវចំនួន ២ដើម, ស្រោមដាវធ្វើអំពីឈើចំនួន៤, ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១, ស្រាមកាំបិតធ្វើពីក្រណាត់ចំនួន៣, ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥៕