អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់អ្នកពាក់ព័ន្ធ ចូលរួមសំអាតអនាម័យទីក្រុង និងឆ្នេរនានា ដើម្បីទាក់ទាញ កំណើនភ្ញៀវទេចរជាតិ-អន្តរជាតិ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ ក្រសួងមន្ទីរ ក៏ដូចជាផ្នែកពាក់ព័ន្ធ រួមមានវិស័យឯកជនជាដើម ឲ្យចូលរួមសហការគ្នា សំអាតអនាម័យ បរិស្ថាន ក្នុងទីក្រុង និងសំអាតអនាម័យ នៅតាមឆ្នេរនានា ឲ្យមានសោភ័ណភាពល្អ ប្រយោជន៍ ដើម្បីទាក់ទាញ កំណើនភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្ត ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យបានកាន់តែច្រើនថែមទៀត នាថ្ងៃអនាគត។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អំពាវនាវដូច្នេះ ធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ខណៈរូបលោកដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ប្រជាការពារ និងបុគ្គលិកអនាម័យ របស់រដ្ឋបាល ក្រុងព្រះសីហនុ សរុបចំនួន ២៣៧នាក់ នៅឆ្នេរព្រែកត្រែង ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ។

នាឱកាសនោះ លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណ ដល់កងកម្លាំងមកពីស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ រួមទាំងក្រសួង និងមន្ទីរទាំងបី រួមមាន៖ ក្រសួងបរិស្ថាន ក្រសួងឧស្សាហ៍កម្មរ៉ែ និងថាមពល និងក្រសួងសារធារណ:ការ ដែលបានចូលរួមសំអាត ទីក្រុង ក៏ដូចជាសោភ័ណភាព នៅឆ្នេរព្រែកត្រែង ដែលកន្លងមក បានរងការប៉ះពាល់ដោយ កំណក់កាកប្រេង ធ្លាយចេញពីបំពង់បង្ហូរប្រេង របស់ក្រុមហ៊ុន នៅក្បែរឆ្នេរនោះ។

ជាលទ្ធផល កម្លាំងប្រជាការពារ និងបុគ្គលិកអនាម័យ របស់រដ្ឋបាលក្រុង ក្រសួង និងមន្ទីរសហការជាមួយ ក្រុមហ៊ុន របស់លោក ឧកញ៉ា ឡូ សុគន្ធ ក៏បានរួមសហការគ្នា សំអាតអនាម័យ ឆ្នេរព្រែកត្រែង និងកន្លែងផ្សេងទៀត វិលទៅរកសភាពដូចដេីមវិញ ជាស្ថាពរហើយ។

បន្ថែមលើនេះ លោក អភិបាលខេត្ត សង្កត់ធ្ងន់ថា ដេីម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តមូលដ្ឋាននេះ បានច្រេីន ហេីយជួយផ្សព្វផ្សាយពីខេត្តរបស់យេីង ដែលជា “តារារះនៃទិសនីរតិ” គឺគប្បីមូលដ្ឋាននេះ ត្រូវមានអនាម័យ ស្អាតជាប្រចាំ ទាំងសោភ័ណភាពឆ្នេរ ទីក្រុង និងបិរស្ថានស្អាតផងដែរ។

ទន្ទឹមគ្នានេះ លោក ម៉ាង ស៊ីណេត ក៏បានពាំនាំការផ្តាំផ្ញេី សាកសួរសុខទុក្ខ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ដែលតែងតែគិតគូរសុខទុក្ខ ប្រជាពលរដ្ឋ ដោយ សម្តេចធិបតី បានជូនពរបងប្អូន ដែលបានចូលរួមសម្អាតអនាម័យឆ្នេរទាំងអស់ សូមមានសុខភាពល្អ និងជួបតែសេចក្តីសុខសប្បាយ។

ជាងនេះទៀត លោកអភិបាល ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ទាំងប្រាំស្រុក ជាពិសេស មន្ទីរបរិស្ថាន សូមជួយចាត់វិធានការ ការពារ និងចុះល្បាតជាប្រចាំ ដើម្បីការពារព្រៃឈេី នៅតំបន់អភិរក្សក្បាលឆាយ ក៏ដូចជា ការសម្អាតសោភ័ណភាពបរិស្ថាន ឲ្យមានសភាពស្រស់បំព្រង នាថ្ងៃខាងមុខ។ ជាងនេះទៀត ក៏ស្នេីរដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ផ្លូវ សូមជួយស្រោចទឹក និងថែទាំដេីមឈេី និងផ្កា ក្នុងសួនដែលរដ្ឋបាលខេត្ត បានដាំរួច ជាប្រចាំផង។

ក្នុងពិធីជួបជុំនោះ សម្រាប់ប្រជាការពារ និងបុគ្គលិក សំអាតអនាម័យទីក្រុងចំនួន ២៣៧នាក់ ទទួលបានថវិកាឧបត្ថម្ភ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងម្នាក់ ១០មុឺនរៀល , ក្រុមហ៊ុន លី ជិន ឧបត្ថម្ភអង្ករក្នុងម្នាក់ ២០គីឡូក្រាម និងឧកញ៉ា គិត ប៊ុន ឧបត្ថម្ភទឹកក្រូច ម្នាក់ ១កេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង