នគរបាលខេត្តព្រះសីហនុ បង្ក្រាបក្រុម​ចោរលួចម៉ូតូ និងទទួលផលចោរកម្ម ឃាត់ខ្លួនជនសង្ស័យ៥នាក់​

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបក្រុម​ចោរលួចម៉ូតូ និងទទួលផលចោរកម្ម មួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់​ ។

គួររំលឹកថា កាលពីម៉ិង ១០យប់ថ្ងៃទី០៦ ខែកុម្ភៈ​ ឆ្នាំ២០២៥ មានករណី​ ចោរលួចកាច់បំបែកសោរ ក លួចម៉ូតូ ០១ករណី បានកើតឡើង នៅចំណុច​បន្ទប់ជួល ស្ថិត​នៅក្រុមទី២៣ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យចំនួន ០២នាក់ ឈ្មោះ​ ចំរេីន​ ឡុងនី​ ភេទប្រុស​ ជនជាតិខ្មែរ​ និងឈ្មោះ​ ចាន់​ វាសនា​ ភេទប្រុស​ ជនជាតិ​ខ្មែរ​។

ជនសង្ស័យទាំង២នាក់ បានធ្វេីសកម្មភាព​កាច់ បំបែកសោរ ក​ រួច លួចយកម៉ូតូ របស់ជនរងគ្រោះ​ ចំនួន​០១គ្រឿង​ ម៉ាក​ HONDA DREAM ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ខ្មៅ​ និង ម៉ូតូ ០១គ្រឿងទៀត ម៉ាក Honda Vario ពណ៌ ក្រហម របស់ជនរងគ្រោះម្នាក់ទៀត។

សមត្ថកិច្ច បន្តថា ពេលជនសង្ស័យទាំង ០២នាក់​ លួចម៉ូតូ បានសម្រេចហេីយ ក៏បានជិះម៉ូតូនោះរត់គេចខ្លួនបាត់​តែម្ដង​ បន្ទាប់មកជនរងគ្រោះក៏បានដឹងថា​ ម៉ូតូរបស់ខ្លួនត្រូវគេលួច​ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១​ ដេីម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍​​ ។

​សមត្ថកិច្ច បានបន្តថា ក្រោយកម្លាំង អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ​ ក៏បានធ្វេីការស្រាវជ្រាវស្វែងរកជនសង្ស័យ​ រហូតមកដល់ថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ វេលាម៉ោង០៤​ និង៣០នាទី​ទៀបភ្លឺ​ កំលាំងបានធ្វេីការល្បាតដល់ចំណុចភូមិដូង​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​លេខ​៤​ ក្រុង​-ខេត្ត​ព្រះសីហនុ​ ក៏ប្រទះឃេីញជនសង្ស័យចំនួន ០២នាក់​ខាងលើ ហេីយឆែកឆេររកឃេីញ ផ្លែ​ដែកសំប៉ែតកែច្នៃ​ សម្រាប់កាច់បំបែកសោរ កម៉ូតូ​ និងឃាត់ខ្លួន យកមកកាន់​អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ​ ដេីម្បីធ្វេីការសាកសួរ​។

​សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង០២នាក់​ ឈ្មោះ​ ចំរើន​ ឡុងនី​ និងឈ្មោះ​ ចាន់​ វាសនា​ ក៏បានឆ្លេីយសារភាពថា​ ខ្លួន​ពិតជាបានធ្វេីសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះ​ខាងលើពិតប្រាកដមែន​។ ហេីយជនសង្ស័យឈ្មោះ​ ចំរើន​ ឡុង​នី​ បានឆ្លេីយសារភាពទៀតថា​ ពេលលួចម៉ូតូបានសម្រេចហេីយ ក៏បានយកម៉ូតូដែលលួចបាននោះ​ដាក់តាមរថយន្តតាក់ស៊ី ទៅភ្នំពេញ​ រួចយកទៅលក់នៅចោមចៅអោយមនុស្សប្រុស ០១នាក់ មិនស្គាល់ឈ្មោះ បានប្រាក់ចំនួន 600ដុល្លារ។

បន្ទាប់មក នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយ កម្លាំងជំនាញពាក់ពន្ធ័ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ អធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ, ខណ្ឌសែនសុខ, ខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ ឈានដល់ការបង្រ្កាប មុខសញ្ញា ចំនួន ៣នាក់ទៀត បានដោយជោគជ័យ ដល់ឬសគល់។

បច្ចុប្បន្ន​ជនសង្ស័យ០៥នាក់ ខាងលេី​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង