សមត្ថកិច្ច ចាប់ជនដៃដល់ម្នាក់ ដែលច្របាច់កសង្សាររបស់ខ្លួនស្លាប់ ហើយរត់មកលាក់ខ្លួន នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ តាមចាប់ជនដៃដល់ដែលច្របាច់ក សង្សារ របស់ខ្លួន បណ្តាលឲ្យស្លាប់ ហើយរត់មកលាក់ខ្លួន នៅខេត្តព្រះសីហនុ។
របាយការណ៍សង្ខេបបឋម របស់សមត្ថកិច្ច បានឲ្យដឹងថា ករណី ឃាតកម្ម កើតឡើងនៅចំណុចបន្ទប់ជួលលេខ៦៦ ទីតាំងអាគារគ្មានលេខ ផ្លូវលំ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ពេលសមត្ថកិច្ច ទទួលបានដំណឹង កើតហេតុនៅម៉ោង ១៤ និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ជនសង្ស័យ មានចំនួន ១នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ បច្ចុប្បន្នគេចខ្លួន
(ជនសង្ស័យ ជាគូរដណ្ដឹង របស់ជនរងគ្រោះ ព្រោះមានសាក្សីបាន ឃើញជនសង្ស័យ ចាក់សោរទ្វារបន្ទប់ជួល របស់ជនរងគ្រោះពីខាងក្រៅ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
ជនរងគ្រោះ ឈ្មោះ ជុន សេន ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ។
ចំពោះដំណើររឿង គឺនៅវេលាម៉ោង ១៥. និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានក្លិនស្អុយភាយចេញពីបន្ទប់ជនរងគ្រោះ ហើយទ្វារបន្ទប់ចាក់សោរសូឡិចពីក្រៅ បង្អួចដាក់គន្លឹះពីក្នុង ទើបទំនាក់ទំនងទៅ សមត្ថកិច្ច ហើយឡើងដាក់ទូរស័ព្ទចូលថតតាមប្រឡោះឥដ្ឋខ្យល់ឃើញជនរងគ្រោះស្លាប់ នៅក្នុងបន្ទប់បាត់ទៅហើយ។
យោងតាមការពិនិត្យ នៅកន្លែងកើតហេតុ សាកសព ក៏ដូចជា ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពី ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ស្ទះដង្ហើម (ឃាតកម្ម ខ្ទមច្រមុះ មាត់ និងរិត ក)។
បច្ចុប្បន្ន សាកសពស្ត្រីរងគ្តោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕