កម្លាំងនគរបាលព្រហ្មទណ្ឌ ចុះបង្ក្រាបករណីឃាតកម្ម នៅស្រុកឈូក ខេត្តកំពត
ខេត្តកំពត ៖ កម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានសហការ ចុះស្វជ្រាវ ឈានដល់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធឃាតកម្មទៅលើស្ត្រីម្នាក់។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១២និង១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មានករណី ឃាតកម្មលើជនរងគ្រោះ ឈ្មោះ អឹម ទូច ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ បង្កឡើងដោយ ជនមិនស្គាល់អត្តសញ្ញាណ។
សម្ភារៈបាត់បង់រួមមាន៖ ទូរស័ព្ទដៃចំនួន២គ្រឿង, ក្រវិលមាស ទម្ងន់១ជី, ចិញ្ចៀនមាសទម្ងន់២ជី, ខ្សែដៃប្លាទីន ១តម្លឹង និងខ្សែ ក ប្លាទីន ទម្ងន់៣ជី។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួន របស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៣០នាទី កម្លាំងជំនាញ បានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើមានឈ្មោះ ភុំ បុត្រ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច ភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃកើតហេតុខ្លួន បានទៅរួមរ័ក្សជាមួយ ជនរងគ្រោះ បន្ទាប់មកជនរងគ្រោះ បានដឹងថា ខ្លួនមានប្រពន្ធ ទើបឈានដល់ការឈ្លោះប្រកែកគ្នា ហើយខ្លួនយកដំបងវាយទៅលើជនរងគ្រោះ បណ្តាលស្លាប់ រួចខ្លួនប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕