បង្ហាញមុខជនដៃដល់ ដែលច្របាច់កសម្លាប់គូដណ្ដឹង និងក្មេងទំនើងលួចឆក់ប្លន់២៨នាក់
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែត បង្ហាញជនសង្ស័យជាឃាតក ច្របាច់ករសម្លាប់កម្មការិនីកាត់ដេរ ជាគូដណ្ដឹង និងក្រុមក្មេងទំនើងលួចឆក់ប្លន់ សរុបចំនួន២៨នាក់ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាពី លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយនគរបាល នៃអធិការដ្ឋាននានា ធ្វើការស្រាវជ្រាវបង្ក្រាប បានករណីឃាតកម្មក្រុមក្មេងទំនើងលួចឆក់ប្លន់ ជាបន្តបន្ទាប់ដោយឃាត់ខ្លួន ជនសង្ស័យបានចំនួន ២៨នាក់ ដែលយកមកធ្វើសន្និសីទកាសែត បង្ហាញមុខជាសាធារណៈនៅថ្ងៃនេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ រហូតថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ និងនគរបាលខណ្ឌកំបូល, នគរបាលខណ្ឌឬស្សីកែវ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌច្បារអំពៅ, ខណ្ឌដូនពេញ និងខណ្ឌដង្កោ បានបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន ៩ករណីដោយឃាត់ខ្លួន ចំនួន ២៨នាក់។ ក្នុងនោះ ករណីឃាតកម្ម ១ករណីឃាត់បាន ១នាក់, ករណីវាយប្លន់ម៉ូតូ២ករណីឃាត់ខ្លួន ១៤នាក់ ជាក្មេងទំនើង, ករណីលួច ៤ករណីឃាត់ខ្លួន៥នាក់, ករណីឆក់ ២ករណីឃាត់ខ្លួនបាន ៤នាក់ និងកាន់កាប់អាវុធគ្មានការអនុញ្ញត ១ករណីឃាត់ខ្លួន បានចំនួន ៤នាក់ ជាក្មេងទំនើង។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ករណីឃាតកម្មគិតទុកជាមុន ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយ នគរបាលខណ្ឌពោធិ៍សែនជ័យ និងសហការជាមួយ នគរបាលខេត្តព្រះសីហនុ បង្ក្រាបបានឃាត់ខ្លួនបានបន្ទាប់ពី រៀបចំគំរោងគិតទុកជាមុនសម្លាប់ អតីតគូដណ្ដឹងអស់ពេលប្រមាណជិតមួយខែ។
ឃាតករូបនោះ បានរៀបចំគម្រោងទុកជាមុន ដោយទំនាក់ទំនងលួងលោមគូដណ្ដឹង ដែលបែកបាក់គ្នានិងលួចខ្សែកខ្សែដៃ ជនរងគ្រោះតែត្រូវបានជនរងគ្រោះ ដឹងខ្លួនទាន់ និងបានរៀបចំគម្រោង ទិញថ្នាំបំពុលជនជនរងគ្រោះ តែពុំបានសម្រេចដោយជនរងគ្រោះដឹងខ្លួនទាន់។ លុះក្រោយមក ក៏បានច្របាច់ក សម្លាប់អតីតគូដណ្ដឹង ប្លន់យកគ្រឿងអលង្ការ រួចគេចខ្លួនទៅខេត្តព្រះសីហនុ តែគេចមិនផុតពីសំណាញ់ច្បាប់។
គួរបញ្ជាក់ថា ឃាតកម្មនេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់សាធារណជន នៅក្នុងបណ្ដាញសង្គម សូមកុំបង្ហោះព័ត៌មានណាពុំពិត ដែលធ្វើឲ្យប៉ះពាល់ដល់ សមត្ថកិច្ច ដូចជា៖ ករណីនៅក្នុងខណ្ឌសែនសុខ ម្ចាស់បានយកម៉ូតូទៅលក់ ហើយប្រាប់បងប្អូនថា ត្រូវចោរប្លន់ហើយ ត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញ។
លោកក៏បានបញ្ជាក់ ឲ្យដឹងទៀតថា កន្លងមក ឲ្យតែមានបទល្មើសកើតឡើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ មិនទុកចោលនោះទេ ដោយដាក់បទបញ្ជាទៅ កម្លាំងនគរបាលជំនាញដូចជានគរបាល នៅតាមមូលដ្ឋានចុះធ្វើការស្រាវជ្រាវ ហើយឈានទៅបង្ក្រាបបទល្មើស បានជាបន្តបន្ទាប់៕