ប្រជុំស្វែងរកប្រសិទ្ធភាព ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ នៅលើកោះរ៉ុង ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃសៅរ៍៣រោច ខែមាឃឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមកិច្ចសហការណ៍ និងការចង្អុលបង្ហាញអំពីលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ស្ដីពីការបង្កើតព្រឹត្តការទេសចរណ៍ផ្សេងៗ នៅក្រុងកោះរ៉ុង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរ លោកបណ្ឌិត ចាន់ សំអាន ប្រធានស្ដីទី នៃសមាគមសហគមន៍ទេសចរណ៍ ក្រុងកោះរ៉ុង បានអញ្ជើញម្ចាស់អាជីវកម្មរីហ្សត បាងហ្គាលោ និងតំណាង អ្នកគ្រប់គ្រងទូទៅ នៅតាមបណ្ដាសេវាកម្មទេសចរណ៍នានា មកប្រជុំពិភាក្សាគ្នា ដើម្បីស្វែងយល់អំពីកត្តាប្រឈម ក្នុងវិស័យទេសចរណ៍ និងបង្កើតយន្ដការដោះស្រាយ កែលម្អអំពីចំណុច អសកម្ម ឬចំណុចខ្វះខាត ដែលកើតមានក្នុងប្រតិបត្តិការទេសចរណ៍ កន្លងមក ដែលបណ្ដាលមកពី៖
(១)- កត្តាមនុស្ស (២)- កត្តាធម្មជាតិ (៣)- កត្តាបច្ចេកទេស (៤)- កត្តាច្បាប់ (៥)- កត្តាផ្សេងៗ
លោកបណ្ឌិត ចាន់ សំអាន បានធ្វើបទបង្ហាញអំពី របកគំហើញស្ដីពីការស្រាវជ្រាវស្ដីពីការអនុវត្តន៍សកម្មទេសចរណ៍ ក្នុងឆ្នាំ២០២៤ និងទស្សនទេសចរណ៍សមុទ្រ ឆ្នេរ និងការចងក្រងប្រមូល ធីមដឹកនាំគ្រប់គ្រង ក្នុងវិស័យទេសចរណ៍ ឲ្យមានឆន្ទៈ និងមនសិការ ក្នុងនាមជាអ្នកអភិវឌ្ឍន៍ ដឹកនាំគ្រប់គ្រងវិស័យទេសចរណ៍។
លោកបណ្ឌិត ចាន់ សំអាន បានបន្តថា ប្រសិទ្ធភាព និងប្រសិទ្ធការងារទេសចរណ៍ កើតឡើងបានលុះត្រាតែមាន មនុស្ស+ចំណេះជំនាញវិជ្ជាជីវៈ+ភាពត្រឹមត្រូវ+ស្មោះត្រង់+អភិសមាចារ នៃអាជីវកម្ម=ជោគជ័យប្រកបដោយចីរភាព ។
លោកបន្តថា លោក លោកស្រីជាអ្នកគ្រប់គ្រងតាមបណ្ដារីហ្សត និងបាងហ្គាលោ បានថ្លែងស្ដីពីការគាំទ្រ និងស្នើរសុំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យផ្ដោតលើកិច្ចការទេសចរណ៍ ឲ្យបានខ្ពស់ពីព្រោះ ដង្ហើមសេដ្ឋកិច្ចក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ គឺ ទេសចរណ៍នេះហើយ។ ក្នុងនោះ លោក លោកស្រីអ្នកគ្រប់គ្រងបានស្នើរសុំឲ្យ លោក តាំង សុចិត្រគ្រឹស្នា ដែលជាប្រធានមន្ទីរទេសចរណ៍ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់ អ្នកកោះរ៉ុង និងជម្រុញសកម្មភាពទេសចរណ៍ ឲ្យបានច្រើនថែមទៀត នៅក្នុងមូលដ្ឋានក្រុងកោះរ៉ុង។
លោកបណ្ឌិត ចាន់ សំអាន បានបញ្ជាក់ថា កោះរ៉ុងគឺជាកោះ ដ៏មានសក្ដានុពលស្ដីពីទេសចរណ៍ នៅខេត្តព្រះសីហនុ និងព្រះរាជាណាចក្រកម្ពុជា៖
១- ជីវៈចម្រុះធម្មជាតិ មច្ឆាសមុទ្រដ៏សំបូរបែប
២- ឆ្នេរខ្សាច់ដ៏សស្អាត និងទឹកសមុទ្រពណ៌គ្រីស្ដាល់
៣- រីហ្សតដ៍ប្រណីត
៤- សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ដ៏ស្រស់ស្អាត និងទាក់ទាញ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ក្រុមម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំអាជីវកម្ម អ្នកគ្រប់គ្រងអាជីវកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ បានឯកភាពថា ត្រូវតែរួមគ្នាគិត និងការពារធនធានធម្មជាតិ ដែលមានឲ្យបានល្អ ព្រមទទួលយកការជួសជុល កែលម្អរលើចំណុចខ្វះខាត និងបង្កើតព្រឹត្តការណ៍ទេសចរណ៍ ដើម្បីទាញទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឲ្យមកកម្សាន្ដ នៅក្រុងកោះរ៉ុងប្រកបដោយក្ដីរីករាយ និងឧត្តមភាព៕