បើកសិក្ខាសាលាផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន
ខេត្តត្បូងឃ្មុំ៖ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសម្ធិផលនានាក្នុងខេត្តត្បូងឃ្មុំ ត្រូវបានរៀបចំឡើងដោយសមាគមន៍អភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មានកម្ពុជា (CJDS) រយៈពេល ១ថ្ងៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលអាគារបូព៌ា ខេត្តត្បូងឃ្មុំ។ សិក្ខាសាលានេះ ក្រោមអធិបតីភាព លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន។
នាឱកាសនោះ លោកបណ្ឌិត សុខ ចាន់ភក្តី មានប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ វាជាថ្នាលសម្រាប់អ្នកផ្សព្វផ្សាយព័ត៌មាន អ្នកសារព័ត៌មាន និងបងប្អូនជាសិក្ខាកាមទាំងអស់។ ក្នុងសម័យបច្ចេកវិទ្យាឌីជីថល កំពុងតែរីកចម្រើន បងប្អូនគ្រប់គ្នាសុទ្ធតែមានសម្ភារៈអេឡិចត្រូនិច ពិសេសស្មាតហ្វូន ដែលមានមុខងារប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជា៖ ហ្វេសប៊ុក (Facebook) តិកតុក (TikTok) តេឡេក្រាម (telegram) ជាពិសេស Ai បញ្ញាសប្បនិមិត្ត (Artificial Intelligence) និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដែលអាចបញ្ជូនរូបភាព សម្លេង នឹងខ្លឹមសារផ្សេងៗនៅលើមាតិការទាំងឡាយ ។
លោកបន្តថា វាពិតជាមានគ្រោះថ្នាក់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលទទួលព័ត៌មានមួយចំនួន ដែលមិនមានប្រភពជាក់លាក់ ក្លែងក្លាយ និងបំផ្លៃពីការពិត។ ដូចនេះសិក្ខាសាលានេះគឺនឹងជួយបណ្តុះដល់សិក្ខាកាមទាំងអស់ ឱ្យបានយល់ដឹងពីការផ្សព្វផ្សាយ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងប្រកបដោយសុក្រិតភាព។
ជាមួយគ្នានេះ លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ដោយសង្កេតឃើញ បច្ចេកវិទ្យាកំពុងរីកចម្រើន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មាន គឺសំខាន់ខ្លាំងណាស់ ក្នុងការជួយនាំយកនៅព័ត៌មានពិត ព័ត៌មានច្បាស់លាស់ ជូនដល់ ប្រជាពលរដ្ឋ។ ដូចនេះតម្រូវឱ្យអ្នកសារព័ត៌មាន ទាំងអស់ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយ ហើយសង្ឃឹមនឹងជឿជាក់ថា វគ្គសិក្ខាសាលានាថ្ងៃនេះ និងជួយបងប្អូនអ្នកសារព័ត៌មានទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ ឱ្យទទួលបាន នូវចំណេះដឹងបន្ថែមទៀត។
ដោយឡែក លោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលចូលរួមជា អធិបតីបិត អង្គសិក្ខាសា បញ្ជាក់ថា វិស័យពត៌មាន ពិតជាដើរតួសំខាន់ ក្នុងបរិបថឌីជីថល ដែលការផ្សព្វផ្សាយ មានភាពទូលាយ ដែលគ្រប់គ្នាអាចទទួលបាននៅព័ត៌មាន ពីគ្រប់ទិសទី ប៉ុន្តែក្នុងនោះព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយ គឺមិនមានភាពច្បាស់លាស់ ត្រឹមត្រូវ នឹងមានចេតនាជ្រុលនិយម លាបព័ណ៌ បង្កាច់បង្ខូចមកលើស្ថាប័នរដ្ឋ..។ ក្នុងន័យនេះ តម្រូវឱ្យយើងសិក្សាស្វែងយល់ពី ព័ត៌មានទាំងនោះឱ្យបានច្បាស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាអ្នកព័ត៌មាន ធ្វើការចុះផ្សាយទៅតាមខ្លឹមសារ និងមានដែនកំណត់នៃច្បាប់របបវិជ្ជាជីវៈអ្នកសារព័ត៌មាន៕